(សៀមរាប)៖ អ្នកជំនាញបេតិកភណ្ឌវប្បធម៌១០រូប ដែលមាន២រូប មកពីប្រទេសនីមួយៗ នៃប្រទេសទាំង៥នៅអាស៊ីអាគ្នេយ៍ រួមមាន៖ កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញជប៉ុន នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈការរៀនសូត្រលើទ្រឹស្តី និងការចុះអនុវត្តនៅលើទីតាំងផ្ទាល់។
សិក្ខាសាលានេះ សិក្ខាកាមទាំងអស់ក៏មានឱកាសចុះសិក្សានៅ តាមបណ្តាទីតាំងប្រាសាទ និងការដ្ឋានជួសជុលមួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ។ ជាក់ស្តែងនៅថ្ងៃទី១៣ ខែសីហា កន្លងមកនេះ សិក្ខាកាមទាំងនោះ បានចុះធ្វើកម្មសិក្សានៅប្រាសាទបាគង ជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដោយផ្ទាល់ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពី បច្ចេកទេសនៃការអភិរក្សជួសជុលប្រាសាទឥដ្ឋ តាមបច្ចេកទេសបុរាណ។
លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកជំនាញធ្លាប់មានបទពិសោធន៍លើកិច្ចការនេះ បានលើកឡើង ពីបច្ចេកទេសនៃការជួសជុលប្រាសាទឥដ្ឋ ដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តដើម្បីពន្យល់ដល់សិក្ខាកាមទាំងអស់ ព្រមទាំងការអនុវត្តជាក់ស្តែង ទាក់ទងនឹងបច្ចេកទេសនៃការកឥដ្ឋ របៀបនៃការលាយកំបោរបាយអ និងវិធីសាស្ត្រនៃការដាប់ឥដ្ឋ បច្ចេកទេសជញ្ជូនឥដ្ឋឡើងលើកំពូលប៉មនៃបា្រសាទ និងបង្ហាញពីឧបករណ៍មួយចំនួនទៀត ដែលយកមកប្រើប្រាស់កំឡុងពេលជួសជុលជាដើម។ ក្នុងខណៈនោះដែរ សិក្ខាកាមទាំង១០រូប ក៏បានចូលរួមអនុវត្តជាក់ស្តែង ចំពោះការជួសជុល ដូចជាការកឥដ្ឋ ការលាយកំបោរបាយអ និងការដាប់ឥដ្ឋជាដើម។
បទពិសោធន៍ដែលសិក្ខាកាមទាំងអស់ទទួលបានក្នុងពេលនេះជាចំណេះដឹងថ្មីបន្ថែមទៀត សម្រាប់ពួកគេដែលបានរៀនសូត្រ ពីអ្នកជំនាញប្រទេសកម្ពុជាទាក់ទងនឹងបច្ចេកទេស នៃការជួសជុលប្រាសាទឥដ្ឋ ក៏ដូចជាការអភិរក្សមរតកបេតិកភណ្ឌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សិក្ខាកាមម្នាក់មកពីប្រទេសភូមា បានលើកឡើង ដោយកោតសរសើរពីរបៀប នៃការជួសជុលរបស់កម្ពុជាថា ជាបច្ចេកទេសដ៏ល្អ បើប្រៀបធៀបទៅនឹងប្រទេសភូមា ដែលមានសំណង់ប្រាសាទធ្វើពីឥដ្ឋដែរនោះ។ ការជួសជុលនៅកម្ពុជា ជាបច្ចេកទេសដ៏គួរឲ្យចាប់អារម្មណ៍ ពោលគឺនៅរក្សាបានបច្ចេកទេសដ៏ល្អតាំងពីបុរាណកាលមក។ លោកបន្ថែមថា បច្ចេកទេសនៃការជួសជុលប្រាសាទឥដ្ឋរបស់អ្នកជំនាញកម្ពុជា មានលក្ខណៈងាយស្រួល និងរហ័ស មើលទៅសំណង់ដែលជួសជុលរួចក៏មានភាពរឹងមាំយូរ អង្វែងផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលានេះនឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដោយសិក្ខាកាមទាំងអស់ នឹងចុះធ្វើកម្មសិក្សានៅតាមបណ្តាប្រាង្គប្រាសាទនានា ក្នុងតំបន់អង្គរ ក៏ដូចជាតំបន់ផ្សេងទៀតដើម្បីសិក្សាស្វែងយល់ ពីកិច្ចការជួសជុល និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បី។ តាមរយៈកម្មសិក្សានេះដែរ សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង បទបទពិសោធន៍ល្អៗបន្ថែមទៀតពីកម្ពុជា ដើម្បីយកទៅអនុវត្តឲ្យបានជោគជ័យនៅតាមបណ្តាប្រទេសរៀងៗខ្លួន ប្រកបដោយជំនាញ៕