(រតនគិរី)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដោយលោក ឡុង ហុកម៉េង ជំនួសលោក ងិន ពេជ ដែលផ្ទេរទៅជា ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងចូលរួមពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, អយ្យការអមសាលាដំបូងខេត្តរតនគិរី មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបី និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធ៌ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

បន្ថែមលើនេះទៀត លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្តាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអនាគតិធ៌មទាំង៤ និងសុគតិធ៌មទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។

ម្យ៉ាងវិញទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធ៌មសង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធ៌មនៅកម្ពុជា៕