(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុង សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល» ដែលរៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឧបត្ថម្ភថវិកា ដោយមូលនិធិទីភ្នាក់ងារ អង្គការសហប្រជាជាតិដើម្បីប្រជាជន នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហ ប្រជាជាតិដើម្បីប្រជាជនប្រចាំកម្ពុជា (UNFPA) បានលើកឡើងថា ស្ត្រីអាចទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា ប្រកបដោយគុណភាព រួមទាំងផែនការគ្រួសារ។

លោកស្រីបានបន្តទៀតថា UNFPA មានកិត្តិយសក្នុងភាពជាដៃគូជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (CWPD) ដើម្បីគាំទ្រដល់ស្ត្រីធ្វើការក្នុងសេវាកម្សាន្តឱ្យអាចចុះឈ្មោះ និងទទួលបានបេឡាជាតិរបប សន្តិសុខសង្គម/ និងប័ណ្ណសមធម៌សុខភាព ហើយ UNFPA ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដំណើរការចុះឈ្មោះជាបន្តសម្រាប់ស្ត្រីបម្រើការងារនៅសេវាកម្សាន្ត និងមានហានិភ័យខ្ពស់នៅក្នុងប្រព័ន្ធ ប.ស.ស. និងការបន្តសុពលភាពនៃប័ណ្ណ ម.ស.ស ដល់ទៅបីឆ្នាំ ពោលគឺកើនឡើងពីមួយឆ្នាំនាពេលបច្ចុប្បន្ន ដូច្នេះវានឹងផ្តល់ស្ថេរភាពដល់ក្រុមដែលមានហានិភ័យនិងងាយរងគ្រោះខ្លាំង។

ថ្លែងក្នុងអង្គសិក្ខាសាលានេះដែរ លោក ហួត ហៃ បានលើកឡើងអំពីការយកចិត្តទុក្ខដាក់របស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការតម្រង់ទិស ដល់មន្ទីរទេសចរណ៍ មន្ទីរផែនការ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរួមសហការគ្នាផ្ទៀងផ្ទាត់ ចុះស្រង់ទិន្នន័យ និងសុំប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនដល់បុគ្គលិកបម្រើសេវាកម្សាន្ត វិស័យទេសចរណ៍, ស្នើឲ្យរដ្ឋបាលរដ្ឋបាលខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ម្ចាស់អាជីវកម្មសេវាកម្សាន្តទេសចរណ៍ ស្តីពីប្រយោជន៍ ម.ស.ស ដោយឥតគិតថ្លៃ ស្របតាមគោលការណ៍ស្ម័គ្រចិត្ត, ស្នើឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវយកចិត្តទុក្ខដាក់ផ្តល់សេវាពិនិត្យសុខភាព តាមស្តង់ដារ បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌, គ្រប់ស្ថាប័នរួមសហការគ្នាដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរចាំបាច់របស់នារីពីការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល និងជម្រុញការប្រើប្រាស់សេវានេះឲ្យបានពេញលេញ និងរៀបចំពិធីចែកប័ណ្ណជូនដល់បងប្អូនបម្រើការសេវាកម្សាន្តវិស័យទេសចរណ៍។

ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ គឺសមស្របទៅនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ចោលដោយមិនបានដោះស្រាយឡើយ រួមទាំងស្ត្រី ដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 

តាមរយៈសិក្ខាសាលានេះ យើងនឹងពង្រឹង និងពង្រីកកិច្ចសហការជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធទាំងអស់ ក្នុងការជម្រុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់សេវា នៅតាមទីតាំងផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាព និងគ្មានការរើងអើង។

សមាសភាពអ្នកចូលរួមថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឮ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងផែនការក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងធម្មការនិងសាសនា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ  អភិបាលរងរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យស្រុកប្រតិបត្តិ ចៅសង្កាត់ តំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា អង្គការ-សមាគមជាតិ អន្តរជាតិ និងស្រ្តីធ្វើការ ក្នុងសេវាកម្សាន្ត ប្រមាណជិត ២០០នាក់៕