(សៀមរាប)៖ អ្នកស្រុកក្នុងឧទ្យានអង្គរ៧៤គ្រួសារ មកពី៦ភូមិ ក្នុងសង្កាត់អំពិល ក្រុងសៀមរាប បានជួបជុំគ្នានៅសាលាឆទាន ភូមិត្រពាំងរុន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីទទួលយក ពូជឫស្សីទំពាំងផ្អែម ដែលផ្តល់ជូនតាមរយៈគម្រោងអភិវឌ្ឍន៍សហគមន៍ និងបេតិកភណ្ឌអង្គររបស់ អាជ្ញាធរជាតិអប្សរា សហការជាមួយប្រទេសញ៉ូវហ្សឺឡែន ហៅកាត់ថា ACHA។
ពូជឫស្សីទំពាំងផ្អែម១៦០ដើម ត្រូវបានផ្តល់ជូន ប្រជាពលរដ្ឋក្នុងឱកាសនោះ ដើម្បីយកទៅដាំដុះសាកល្បង ក្នុងន័យស្វែងរកប្រភេទពូជដំណាំ ដែលផ្តល់ទិន្នផលខ្ពស់ និងមានតម្លៃក្នុងទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល ប្រចាំថ្ងៃជូនដល់ សហគមន៍ក្នុងឧទ្យានអង្គរ។
លោកស្រី ឈួន សុផល បុគ្គលិកបច្ចេកទេស នៃក្រុមអប់រំបេតិកភណ្ឌ និងកសិកម្មរបស់ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ បានបញ្ជាក់ថា ដើមឫស្សីទំពាំងផ្អែម ជាប្រភេទដើមឫស្សីធំៗ ប៉ុនដើមឫស្សីខ្មែរ កម្ពស់ពី៥ទៅ៦ម៉ែត្រ មានស្លឹកធំវែង ដើមវាមិនមានបន្លាទេ ហើយវាអាចឲ្យផលក្នុងរយៈពេល ពី៦ខែ ទៅ១ឆ្នាំ ក្រោយពីការដាំ ហើយលក្ខណៈពិសេស របស់ទំពាំងឫស្សីផ្អែមនេះ គឺទំពាំងមួយមានទម្ងន់ចាប់ពី១គីឡូ ទៅ៣គីឡូក្រាម មានរសជាតិផ្អែមឆ្ងាញ់ មានភាពងាយស្រួលពេលដាំស្ល ដោយមិនចាំបាច់រំងាស់ដូចទំពាំងខ្មែរទេ។ទំពាំងផ្អែមនេះកំពុងពេញនិយម នៅប្រទេសកម្ពុជា ថែមទាំងលក់បានថ្លៃទៀតផង ដោយ ១គីឡូក្រាម ថ្លៃពី៦០០០៛ ទៅ១០០០០៛។
លោក កឺ កី ជាប្រជាពលរដ្ឋរស់នៅភូមិត្នោត ដែលបានមកទទួលពូជឫស្សីទំពាំងផ្អែម បានលើកឡើងថា លោកធ្លាប់តែដាំដើមឫស្សីខ្មែរតាមទម្លាប់តៗ គ្នាមក ដោយមិនធ្លាប់ដាំដើមឫស្សីទំពាំងផ្អែមទេ ហើយក៏មិនដែលស្គាល់ដើមឫស្សីទំពាំងផ្អែមមានរូបរាង ទ្រង់ទ្រាយយ៉ាងណានោះដែរ។ ប៉ុន្តែពេលថ្មីៗនេះ ដោយសារក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរាចុះមកផ្សព្វផ្សាយ និងចែកដើមឫស្សីទំពាំងផ្អែម ដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់លោក ទើបលោកចាប់អារម្មណ៍ ហើយបានសម្រេចចិត្ត ដាំឫស្សីទំពាំងផ្អែមនេះ សាកល្បងមើលសិន ប្រសិនបើទទួលជោគជ័យ លោកនឹងពង្រីកការដាំដុះឲ្យបានច្រើនថែមទៀត ដោយសារទំពាំងឫស្សីផ្អែមនេះងាយស្រួលដាំ មានរសជាតិឆ្ងាញ់ និងលក់បានថ្លៃទៀតផង។
សូមបញ្ជាក់ថា ពូជឫស្សីទំពាំងផ្អែមនេះ អាជ្ញាធរជាតិអប្សរាធ្លាប់បាន ចែកជូនប្រជាសហគមន៍ ដែលរស់នៅឧទ្យានអង្គរជាច្រើន លើកមកហើយ ជាក់ស្តែងចាប់តាំងពីខែ មិថុនា ឆ្នាំ២០១៦មក ពូជដើមឫស្សីទំពាំងផ្អែម១៥០០ដើម ហើយត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ២០ភូមិ មាន៤២៩គ្រួសារ ដើម្បីយកទៅដាំដុះក្នុងន័យជួយលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋក្នុងតំបន់ រមណីយដ្ឋានអង្គរឲ្យបានប្រសើរឡើង ថែមទៀត៕