(ប៉េកាំង)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានស៊ិនហួររបស់ចិន នៅថ្ងៃបញ្ចប់វេទិកា Beijing Xiangshan លើកទី១០ នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ​នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ានបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដោយផ្អែកលើកិច្ចសហប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំ។ លោកថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កើតចេញពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំ»។

បន្ទាប់ពីទស្សនកិច្ចនៅទីក្រុងប៉េកាំងនេះទៅ លោកបណ្ឌិត កៅ គឹមហួន នឹងបន្តដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ នៅចក្រភពអង់គ្លេស តបតាមការអញ្ជើញរបស់ក្រសួងការបរទេសចក្រភពអង់គ្លេស ក្នុងគោលបំណងពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចក្រភពអង់គ្លេស៕