(សៀមរាប)៖ ក្រុមនិស្សិតជំនាញកសិកម្ម មកពីបណ្ដាសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ ជិត ៥០នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅ Angkor Wildlife & Aquarium អំពីចលនា និងការបម្លាស់ទីរបស់ត្រី ពិសេសត្រីទឹកសាបនៅកម្ពុជា។

ជាមួយគ្នានេះក្រុមនិស្សិតក៏បានស្វែងយល់ពីជណ្តើរត្រី ដែលទើបស្ថាបនារួចរាល់ស្ថិតនៅ ភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

ទស្សនកិច្ចសិក្សានេះ ដឹកនាំដោយមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានចូលរួមជាមួយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល។

ជណ្តើរត្រីភូមិស្លែងនេះ ជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទ ដែលផ្តល់អត្ថប្រយោជន៍ដល់ពួកគេទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ ជណ្តើរត្រីនេះផងដែរ នឹងជួយកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដូចជានិយតករ ទំនប់ទឹក ទៅលើការផ្លាស់ទីរបស់ត្រី។

ជណ្តើរត្រីនេះត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។

ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ច ក្នុង តំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា៕