(ស្ទឹងត្រែង)៖ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងថ្មី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ក្នុងនោះក៏មានការចូលរួមពី រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក ស្វាយ សំអ៊ាង អភិបាលខេត្ត លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីរាជការអង្គភាព ជុំវិញខេត្ត។

លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណដល់ លោក យ៉ា ណារិន និងលោក ជេត ខេមរា បានបំពេញតួនាទី ភារកិច្ច មានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តស្ទឹងត្រែង លើក្របខណ្ឌកិច្ចការតុលាការ និងយុត្តិ ធម៌សង្គម។ លោកអភិបាលខេត្ត សង្ឃឹមជឿជាក់ថា សាលាដំបូងខេត្ត នឹងយកចិត្តទុកដាក់បំពេញការ ងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់ខ្លួនឲ្យទទួលបានជោគជ័យតាមបំណង ប្រាថ្នារបស់ស្ថាប័ន និងបានផ្តល់ និងបានផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ បានល្អប្រសើរជាក់ជាពុំខាន។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ។

ម្យ៉ាងវិញទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជា។

គូសបញ្ជាក់ថា លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តស្វាយ រៀង ត្រូវបាន តែងតាំងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង លោក យ៉ា ណារិន ជាអនុប្រធាមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក កែវ សុធា ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជំនួសលោក ជេត ខេមរា បានតែងតាំងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕