(ភ្នំពេញ)៖ នៅអំឡុងដើមឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសូត្រខ្មែរបានទទួលការគាំទ្រពីសហគ្រិនខ្មែរ (Khmer Enterprise) ដែលអាចឲ្យមជ្ឈមណ្ឌលបោះជំហានយ៉ាងវែងនៅក្នុងបេសកកម្ម និងគោលដៅសកម្មភាពរបស់ខ្លួន នោះគឺលទ្ធភាពផលិតពងដង្កូវនាងនៅទីតាំងសហគមន៍ផ្ទាល់នៃខេត្តមណ្ឌលគិរី។
ការបោះជំហាននេះបានបញ្ជៀសនូវបញ្ហាខូចពងដង្កូវនាង ដែលបណ្តាលមកពីការដឹកជញ្ជូនពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោមជំនួយរបស់សហគ្រិនខ្មែរ មជ្ឈមណ្ឌលសូត្រខ្មែរបានទទួលសម្ភារៈសំខាន់ៗ រួមមាន៖ ទូភ្ញាស់ពងដង្កូវនាង (incubator) ទូពិសោធន៍សុវត្ថិភាព (bio-safety cabinet) និងទូរក្សាស្លឹកមន (refrigerator) ហើយសម្ភារៈទាំងអស់ត្រូវបានដំឡើងតាមបច្ចេកទេសត្រឹមត្រូវ និងដាក់ឲ្យដំណើរការនៅមជ្ឈមណ្ឌលសូត្រខ្មែរទី២ ដែលមានទីតាំងនៅសហគមន៍ក្រង់តេះ ខេត្តមណ្ឌលគិរី។
មជ្ឈមណ្ឌលសូត្រខ្មែរត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលសូត្រខ្មែរបានខិតខំពុះពារយ៉ាងសកម្ម ដើម្បីសម្រេចបេសកកម្ម និងគោលដៅរបស់ខ្លួន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយការចំណាកស្រុក និងចូលរួមលើកកម្ពស់វប្បធម៌និងប្រពៃណីជាតិ។ យន្តការដើម្បីសម្រេចសកម្មភាពគោលដៅរបស់មជ្ឈមណ្ឌល រួមមាន៖ ការបង្កើតអគារសម្រាប់ចិញ្ចឹមនិងបង្កើនពូជដង្កូវនាង ការស្រាវជ្រាវបច្ចេកទេសជាមួយដៃគូរជាតិនិងអន្តរជាតិ និងការអប់រំលើកោសេយ្យវប្បកម្ម (ការចិញ្ចឹមដង្កូវនាងសម្រាប់ផលិតសូត្រ) ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ការចងក្រងនិងគាំទ្របច្ចេកទេសសហគមន៍សូត្រ និងស្វែងរកឱកាសទីផ្សារសម្រាប់ផលិតសូត្រ។
បញ្ហាប្រឈមសម្រាប់វិស័យកោសេយ្យវប្បកម្មនៃប្រទេសកម្ពុជា គឺការកង្វះពូជដង្កូវនាងដែលមានសុខភាពល្អ ការជ្រើសរើសពូជដែលធន់នឹងជំងឺ និងផលិតសរសៃសូត្របានវែង និងដាំដើមមនមិនបានត្រឹមត្រូវតាមបច្ចេកទេស។ មជ្ឈមណ្ឌលសូត្រខ្មែរបានសម្រេចនូវសមិទ្ធផលពាក់ព័ន្ធសំខាន់ៗ និងឆ្លើយតបទៅនឹងបញ្ហាប្រឈម រួមមាន៖ ការបង្កាត់ជ្រើសពូជដង្កូវនាងដែលមានសុខភាពល្អនិងមានសរសៃសូត្រវែង បច្ចេកទេសភ្ញាស់និងផលិតពងដង្កូវនាងដែលមានសុខភាពល្អ (គ្មានជំងឺ) និងការប្រមូល និងដាំរក្សាពូជដើមមនសម្រាប់កសិករ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលសូត្រខ្មែរនៅតែជួបនូវបញ្ហាមួយផ្សេងទៀតគឺការដឹកជញ្ជូនក្នុងរយៈចម្ងាយឆ្ងាយ និងមិនត្រឹមត្រូវតាមបច្ចេកទេស ដែលធ្វើឲ្យកូនញាស់របស់ដង្កូវនាងមានសុខភាពខ្សោយលូតលាស់យឺត និងងាយមានជំងឺ។ កន្លងមក មជ្ឈមណ្ឌលសូត្រខ្មែរបានជួបឧបសគ្គនេះ ដោយសារការដឹកជញ្ជូនពងដង្កូវនាងពីមជ្ឈមណ្ឌលសូត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅសហគមន៍សូត្រខេត្តមណ្ឌលគិរី ដែលជាខេត្តមានសក្តានុពលក្នុងវិស័យកោសេយ្យវប្បកម្ម (ការចិញ្ចឹមដង្កូវនាងសម្រាប់ផលិតសូត្រ) ដោយសារលក្ខខណ្ឌអំណោយផលនៃបរិស្ថាន។
មជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណដល់សហគ្រិនខ្មែរដែលបានគាំទ្រដល់មជ្ឈមណ្ឌលសូត្រខ្មែរ។ សម្ភារៈទាំងនោះនឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍យូរអង្វែងសម្រាប់ការអប់រំស្រាវជ្រាវនវានុវត្តន៍ និងការគាំទ្រដល់សហគមន៍សូត្រ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនបរិមាណផ្គត់ផ្គង់សូត្រក្នុងស្រុកដល់សហគ្រាសធនតូច និងមធ្យមជំនួសឱ្យការនាំចូល កាត់បន្ថយការធ្វើចំណាកស្រុក និងចូលរួមលើកកម្ពស់វប្បធម៌និងប្រពៃណីជាតិ៕