(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្រ្ដីរាជការ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ» ដើម្បីពង្រឹងពុទ្ធិបន្ថែមទៀតលើការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ រដ្ឋអនុលេខាធិការ អគ្គនាយក និងសិក្ខាកាមដែលជាប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ និងប្រធានការិយាល័យក្រោមឱវាទទីស្ដីការក្រសួងសរុបចំនួន៧៥រូប។

លោករដ្ឋមន្រ្ដីបានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងពុទ្ធិបន្ថែមទៀតលើការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបទក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ដែលនេះគឺជាការជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភាឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោករដ្ឋមន្រ្ដីបានបន្តថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការបន្ដសមិទ្ធផលដែលមានស្រាប់ បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣-២០២៨ ឱ្យទទួលបានជោគជ័យដោយផ្ដោតលើការកាត់បន្ថយវិសមភាពសង្គម និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅទីជនបទប្រកបដោយបរិយាបន្ន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ ដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្ដីក៏បានផ្ដាំផ្ញើឱ្យសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីទទួលបានជាពុទ្ធិបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕