(រតនគិរី)៖ ក្រុមហ៊ុន «វ៉ាន់ សុធី» ដែលទទួលបានសិទ្ធិម៉ៅការស្ថាបនាផ្លូវលំ និងស្ពានមូលនិធិឃុំ-សង្កាត់ ត្រូវអាជ្ញាធរខេត្តរតនគិរី ចេញលិខិតផ្អាកការទូទាត់ថវិកា ដោយសារតែក្រុមហ៊ុនមិនគោរពកិច្ចសន្យា។ ការសម្រេចរបស់អាជ្ញាធរខេត្តខាងលើនេះ បានធ្វើឡើងក្រោយពីក្រុមការងារថ្នាក់ខេត្ត បានចុះត្រួតពិនិត្យការអនុវត្តគំរោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០១៦ ហើយរកឃើញថា «ក្រុមហ៊ុននេះមានភាពមិនប្រក្រតី ពោលគឺអនុវត្តតាមកិច្ចសន្យាលើគំរោង ដែលបានដាក់ដេញថ្លៃ»។
មន្ត្រីសាលាខេត្តរតនគិរី បានលួចបង្ហើបឲ្យដឹងថា ក្រុមហ៊ុន វ៉ាន់ សុធី បានចូលមកដេញថ្លៃលើគំរោងមូលនិធិសាងសង់ផ្លូវលំក្រាលគ្រួសក្រហម ស្ពាន ក្នុងឃុំមួយចំនួន ដូចជា ឃុំចាអ៊ុង ស្រុកអូរជុំ ឃុំតាវែងលើ ស្រុកតាវែង ឃុំសេដា ឃុំជ័យឧត្តម ស្រុកលំផាត់ ប៉ុន្តែការសាងសង់របស់ក្រុមហ៊ុនខាងលើនេះ មានភាពមិនប្រក្រតីដូចជា សាងសង់មិនត្រូវតាមស្តង់ដា ចំងាយផ្លូវសាងសង់ត្រូវបាត់មិនគ្រប់ចំនួន តាមកិច្ចសន្យារវាងម្ចាស់ក្រុមហ៊ុន ជាមួយអាជ្ញាធរឃុំដែលជាម្ចាស់គំរោង ព្រមទាំងគំរោងទូទាត់ថវិកាលើសចំនួនទឹកប្រាក់ ដែលដេញថ្លៃបាន។
ពាក់ព័ន្ធ និងភាពមិនប្រក្រតីរបស់ក្រុមហ៊ុនខាងលើនេះលោក ជីម ផាត់ មេឃុំជ័យឧត្តម បានប្រាប់ឲ្យដឹងថាប្រាក់គោលមូលនិធិឃុំគាត់ជាង៧៨លានរៀល ក្នុងគំរោងផ្លូវមានប្រវែង៤០០ម៉ែត្រ និស្ពានឈើមួយ លុះពេលក្រុមហ៊ុនសាងសង់ផ្លូវលំ និងស្ពានរួចរាល់នោះ ខាងបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស បានយកគំរោងឯកសារទូទាត់ថវិកាមកឲ្យរូបគាត់ ចុះហត្ថលេខា ស្រាប់តែពិនិត្យទៅលើឯកសារនោះ ហាក់មិនត្រឹមត្រូវតាមលក្ខខណ្ឌព្រមព្រៀងរវាងម្ចាស់គំរោង និងក្រុមហ៊ុន។
លោក ជីម ផាត់ បានបន្តទៀតថា ឯកសារដាក់ឲ្យលោកចុះហត្ថលេខាលើកទី១ មិនឃើញដាក់បញ្ជាក់ទឹកប្រាក់ច្បាស់លាស់នោះទេ និងលើកទី២ក្រុមហ៊ុនបានយកឯកសារម្តងទៀត ឲ្យចុះហត្ថលេខាស្រាប់តែដាក់ទឹកប្រាក់រហូតដល់ប្រមាណ១០៦លានរៀលឯណោះ រឹតតែធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ហើយធ្វើការបដិសេធមិនស៊ីញ៉េតែម្តង។ ទាក់ទិនទៅនឹងក្រុមហ៊ុន វ៉ាន់ សុធី ម៉ៅការសាងសង់ផ្លូវលំ ស្ពាន មិនគោរពកិច្ចសន្យា និងដាក់ឯកសារឲ្យលោក ជីម ផាត់ មេឃុំជ័យឧត្តមស៊ីញ៉េបើកលុយលើសថ្លៃ គំរោងដេញនេះអង្គភាព Fresh News មិនអាចសុំការបកស្រាយពីក្រុមហ៊ុន វ៉ាន់ សុធី បានទេនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា រដ្ឋបាលសាលាខេត្តរតនគិរី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ បានចេញលិខិតជំរាបជូនលោកប្រធានរតនាគារខេត្ត ឲ្យផ្អាកការទូទាត់ថវិកាលើកិច្ចសន្យារបស់ក្រុមហ៊ុន វ៉ាន់ សុធី ជាបណ្តោះអាសន្នសិន ដើម្បីពង្រឹងការអនុវត្តគំរោងមូលនិធិឃុំ-សង្កាត់ ឲ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពស្របតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគំរោងមូលនិធិឃុំ-សង្កាត់ និងលិខិតបទដ្ឋានគតិយុត្ត នានាដែលពាក់ព័ន្ធឲ្យមានប្រសិទ្ធិភាពខ្ពស់៕