(ចិន)៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញមកចូលរួមក្នុងវេទិកា Beijing Xiangshan លើកទី១០ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបជូនថា មានប្រទេស និងអង្គការអន្តរជាតិជាង៩០ បានមកចូលរួមក្នុងវេទិកានេះ។
នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញផ្លល់សន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី១ នៃវេទិកា Beijing Xiangshan លើកទី១០ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសន្តិសុខសកល។
អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការចូលរួមវិភាគទានរបស់អាស៊ាន ចំពោះនិម្មាបនកម្មតំបន់មួយដែលមានស្ថិរភាព និងមានសន្តិភាព ជាមួយនឹងលទ្ធភាពដោះស្រាយទាំងការប្រឈមផ្នែកសន្តិសុខដែលជាប្រពៃណី និងមិនប្រពៃណី។
បន្ទាប់ពីនេះលោកបណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ M. Herindra អនុរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី។
នាឱកាសនោះដែរ អគ្គលេខាធិការអាស៊ាន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣នេះ ទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅខែវិច្ឆិកាខាងមុខ នៅទីក្រុងហ្សាការតា។
នៅរសៀលថ្ងៃទី៣០ ខែតុលាដដែល បណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយលោក Chasamone Chanyalath រដ្ឋមន្ត្រីការពារជាតិឡាវ។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរប្រទេសឡាវ សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ ខាងមុខ ហើយភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនស្តីពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន នៅក្រោមវិស័យការពារជាតិ។
នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Kairat Sarybay អគ្គលេខាធិការនៃ សន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាផ្សេងៗ រួមទាំងទស្សនៈវិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន-CICA និងសកម្មភាពនានាដែលអាចផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់ការចូលរួមរវាងលេខាធិការដ្ឋានទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីសន្តិសុខតំបន់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ នៅលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Phan Van Giang រដ្ឋមន្ត្រីការពារជាតិវៀតណាម ក្នុងឱកាសនៃវេទិកា Beijing Xiangshan លើកទី១០។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន នៅក្រោមវិស័យការពារជាតិ។
នាឱកាសនៃវេទិកា Beijing Xiangshan លើកទី១០ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនេះ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ He Weidong អនុប្រធានគណៈកម្មការយោធាកណ្តាលនៃ គណបក្សកុម្មុយនិស្តចិន និងជាអនុប្រធានគណៈកម្មការយោធាកណ្តាលនៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយចង្អស់នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ស្តីពីវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងបានផ្លាស់ប្តូរទស្សនស្តីពីរបៀបវារៈសន្តិសុខថ្នាក់តំបន់ និងអន្តរជាតិផងដែរ៕