(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា, លោក Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសន្យាបន្តគាំទ្រលើកស្ទួយវិស័យសុខាភិបាលកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបដែលធ្វើឡើនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួង លោក Stefan Messerer បានថ្លែងបន្តថា អាល្លឺម៉ង់ នឹងគាំទ្រក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋម។

លើសពីនេះទៀត បច្ចុប្បន្ននេះអាល្លឺម៉ង់បាន និងកំពុងចូលរួមចំណែកគាំទ្រវិស័យសុខាភិបាលលើគម្រោងមួយចំនួនទៀតដូចជា៖
១៖ គម្រោងគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល

២៖ ការអនុវត្តការធ្វើវិមជ្ឈការ និងវិសហមជ្ឈការវិស័យសុខាភិបាលទៅថ្នាក់ក្រោមជាតិ តាមរយៈការកែលម្អគុណភាពនៃការផ្តល់សេវាសុខភាព ហិរញ្ញប្បទានថែទាំសុខភាព និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល

៣៖ ការកែលម្អគម្រោងគាំពារសង្គម និងសុខភាព (ISPH) តាំងពីឆ្នាំ២០២១ ហើយដែលនឹងត្រូវបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ

៤៖ គម្រោង One Health 4 Cambodia (OH4CAM) ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការអភិវឌ្ឍនគោលនយោបាយស្តង់ដារសម្រាប់ការអប់រំវិជ្ជាជីវៈសុខភាព មុនពេលផ្តល់សេវា។

លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានជម្រាបជូនបន្ថែមផងដែរអំពី ជំនួយសហប្រតិបត្តិការរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើវិស័យសុខាភិបាល ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ លើការកសាងហេដ្ឋារចនាសម្ព័ន្ធអគារបណ្តុះបណ្តាលនិងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកគ្រប់គ្រងសុខាភិបាលនៅថ្នាក់ក្រោមជាតិ និងថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ។

ក្នុងឳកាសនោះលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណដល់ស្ថានទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលបានគាំទ្រក្រសួងសុខាភិបាល ចូលរួមក្នុងការកសាងប្រព័ន្ធ ថែទាំសុខភាពនៅកម្ពុជា តាមរយៈជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការ GIZ និងសហប្រតិបត្តិការហិរញ្ញវត្ថុរបស់ KfW ដល់វិស័យសុខាភិបាលជាច្រើននាពេលកន្លងមក។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាពិសេស លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ អាទិភាពសុខាភិបាល ព្រមទាំងសន្យាថានឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ លើវិស័យសុខាភិបាលបន្ថែមទៀត ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕