(ភ្នំពេញ)៖ សិស្សពូកែប្រចាំថ្នាក់ មកពីសាលាបឋមសិក្សាសន្សំកុសលចំនួន៥នាក់ និងអនុវិទ្យាល័យដំបូកខ្ពស់ចំនួន៥នាក់ ព្រមទាំងពលរដ្ឋក្រខ្សត់មួយគ្រួសារ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ទទួលបានកង់ម្នាក់០១គ្រឿង រួមទាំងអំណោយមួយចំនួនផ្សេងទៀត ពីអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ។
ពិធីចែកកង់ដល់សិស្សពូកែនេះ បានធ្វើឡើងស្ថិតក្រោមវត្តមាន លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជា ប្រចាំខណ្ឌ ព្រមទាំងមានការចូលរួមពីអាណាព្យាបាលរបស់ក្មួយៗ សិស្សានុសិស្សទាំង១០នាក់ រួមទាំងក្រុមគ្រូៗមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ក្រុមសិស្ស និងសិស្សានុសិស្សឆ្នើមទាំង១០នាក់ខាងលើនេះ មាន៥នាក់ មកពីសាលាបឋមសិក្សាសន្សំកុសល និង៥នាក់ មកពីអនុវិទ្យាល័យវត្តដំបូកខ្ពស់។
ក្នុងនោះកម្រិត នៃការសិក្សារបស់ពួកគាត់ គឺគិតចាប់ពីសិស្សដែលទទួលចំណាត់ថ្នាក់លេខ ១ រហូតដល់លេខ៥។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បានថ្លែងទៅកាន់ក្មួយៗថា ក្មួយៗការខិតខំប្រឹងប្រែងរៀនសូត្រ គឺមិនមែនជាការខិតខំតែ១ថ្ងៃ ឬ ២ថ្ងៃ អាចធ្វើឲ្យយើងចេះបានឡើយ ត្រូវប្រើប្រាស់នូវពេលវេលា ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើតទាំងចំណេះដឹង និងចំណេះធ្វើឲ្យមានវិសាលភាព រីកចម្រើនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ។
ក្មួយៗ នៅមានឱកាសរៀនសូត្រ ត្រូវតែរៀនប្រឹងប្រែងក្រេបជញ្ជក់ យកចំណេះវិជ្ជាឲ្យបានច្រើន មកដាក់លើខ្លួនឯង មិនត្រូវអស់សង្ឃឹមនឹងភាពខ្វះខាត និងស្ថានភាពក្រលំបាកក្នុងជីវិត ហើយត្រឡប់មកបំផ្លាញឱកាសរៀនសូត្ររបស់ខ្លួនឡើយ ថ្វីត្បិតតែវាសនាកំណត់ឲ្យយើងកើត ក្នុងត្រកូលអ្នកក្រខ្សត់ក៏ដោយ។
លោកអភិបាលរង បន្តថា គ្មានជោគជ័យ និងភាពថ្កុំថ្កើនណាដែលកើតឡើងដោយការស្រណុកមុននោះទេ គឺសុទ្ធសឹងតែផ្តើមចេញពីការខិតខំប្រឹង និងការលំបាកជាមុនសិន ទើបអាចធ្វើឲ្យមនុស្សជោគជ័យបាន។ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗនៅពេលនេះ គឺជាស្ពានតែ១គត់ក្នុងការចម្លងខ្លួនឯង ឲ្យទៅដល់ត្រើយ និងគោលដៅនៅពេលក្រោយ ដូច្នេះហើយក្មួយត្រូវក្តាប់ឱកាសនេះឲ្យជាប់ នឹងខិតខំបន្ថែមឲ្យអស់ពីសមត្ថភាព ព្រោះសសរទ្រូងរបស់ប្រទេសជាតិទាំងមូល គឺសុទ្ធសឹងតែពឹងផ្អែកទៅលើក្មួយៗជាអ្នកកែលំអរ ជាអ្នកថែរក្សា និងជាអ្នកដឹកនាំបន្ត ទៅថ្ងៃមុខ ដូចសុភាពសិតពោលថា «ទំពំាងស្នងឬស្សី»។
នៅចំពោះមុខលោកអភិបាលរងខណ្ឌ ក្មួយៗស្រី អ៊ូវ សុជានីនាថ រៀននៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ ជាប់ចំណាត់ថ្នាក់លេខ១ តំណាងអោយ ក្មួយៗសិស្សានុសិស្សទាំង១០នាក់ បានថ្លែងអំណរអរគុណយ៉ាងក្រៃលែង ជូនចំពោះដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការបញ្ចេញមតិអប់រំណែនាំ និងផ្តល់នូវដំបូន្មានល្អៗជាច្រើនដល់ពួកគាត់ នៅពេលនេះ។
ជាពិសេសនោះ ក្រុមសិស្សានុសិស្សដដែលនោះ ក៏សូមថ្លែងអំណរអរគុណដល់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ ជាធំមករហូត និងជាពិសេស ដោយសម្តេចតែងតែបញ្ជា ឲ្យមន្ត្រីក្រោមឱវាទធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិតដូចគ្នា ជាក់ស្តែងដូចការចែកអំណោយជាកង់ចំនួន១០គ្រឿង និងអំណោយគ្រឿងឧបភោគ បរិភោគ មួយចំនួន រួមទាំងថវិកា ដូចនៅពេលនេះជូនដល់ពួកគាត់ជាដើម៕