(ក្វាងស៊ី, ចិន)៖ ថាមពលអគ្គិសនី គឺជាតម្រូវការដ៏ចាំបាច់សម្រាប់ចិន បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ វារីអគ្គិសនី ជាមធ្យោបាយមួយ ដែលចិនប្រើទាញយកប្រភពថាមពលពលអគ្គិសនីទៅបំពេញសេចក្តីត្រូវការរបស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀតនោះ នៅក្រុងគួយកាំង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន គេបាននាំអ្នកព័ត៌មានបង្ហាញពីគំរូនៃការសាងសង់ទំនប់វារីអគ្គិសនីមួយដែលមានឈ្មោះថា Datengxia មានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីតំបន់ទីក្រុងគួយភីង លាតសន្ធឹងលើទន្លេ Qianjiang ប្រវែងជាង ១,២០០ម៉ែត្រ មានទ្វារទឹកចំនួន២៦ និងម៉ាស៊ីនតួប៊ីនបូមទឹកចំនួន៨។
គម្រោងវារីអគ្គិសនីនេះ បង្ហាញនូវគំនិតវិស្វកម្មវារីអគ្គិសនីដ៏អស្ចារ្យ ដោយក្រុមវិស្វករបានសាងសង់ទំនប់ទប់ទន្លេ និងជីកអាងទាញយកទឹកពីទន្លេដើម្បីដំណើរការផលិតថាមពលអគ្គិសនី ប៉ុន្តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់នាវាដឹកទំនិញផ្សេងៗនោះឡើយ។ បន្ថែមពីលើនេះ គម្រោងទំនប់វារីអគ្គិសនី ក៏បានផ្តល់អត្ថប្រយោជន៍មហាសាលជាច្រើនទៀត ដូចជាការការពារទឹកជំនន់ ផ្គត់ផ្គត់ប្រភពទឹកស្អាត ទាញយកទឹកបម្រើដល់ការដាំដុះ ហើយបង្កើតបានជាតំបន់ទេសចរណ៍យ៉ាងស្រស់ស្អាតថែមទៀត។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មានអាស៊ាន លោក Wu Xiaolong ប្រធានក្រុមហ៊ុន Guangxi Datengxia Water Conservancy Development Co., Ltd. បានឱ្យដឹងថា គម្រោងទំនប់វារីអគ្គិសនី Datengxia គឺជាគម្រោងដ៏សំខាន់នៅក្នុងការសាងសង់បណ្តាញទឹកជាតិ នៅក្នុងអាងទន្លេគុជ ដែលរួមបញ្ចូលការគ្រប់គ្រងទឹកជំនន់ ការដឹកជញ្ជូន ការផលិតថាមពល ការចែកចាយធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងអត្ថប្រយោជន៍ធំៗផ្សេងទៀតផងដែរ។ គម្រោងវិនិយោគសរុបមានប្រហាក់ប្រហែលជាង ៤ពាន់លានដុល្លារ ដោយប្រើពេលសាងសង់ ៩ឆ្នាំ ខណៈខែកញ្ញា ឆ្នាំ២០២៣ គម្រោងការងារសាងសង់សំខាន់ៗត្រូវបានបញ្ចប់លឿនជាងរយៈពេលកំណត់ចំនួន ៤ខែ។
ការងារសំខាន់ៗរបស់គម្រោង Datengxia ដែលគេស្គាល់ថាជា «សារមន្ទីរវិស្វកម្មវារីអគ្គិសនីនេះ» រួមមានការទប់ទំនប់ទឹក ទ្វារទឹក រោងចក្រអគ្គិសនី ផ្លូវកប៉ាល់ ក៏ដូចជាប្រព័ន្ធធារាសាស្រ្ត និងការបង្ហូរទឹកចេញចូល ក៏ដូចជាទុកសម្រាប់ច្រកចេញចូលរបស់មច្ឆជាតិជាដើម។ ទន្ទឹមនោះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរុករក និងបង្កើនអត្ថប្រយោជន៍នៃការដឹកជញ្ជូន វាចាំបាច់ក្នុងការកសាង «ច្រកទ្វារដ៏ទំនើប» មួយ។
គម្រោង Datengxia ត្រូវបានបំពាក់ដោយម៉ាស៊ីនតួប៊ីនលំហូរទឹកប្រភេទស្លាបចក្រតែមួយផ្លែចំនួន ៨ គ្រឿង ដែលមានសមត្ថភាពផលិតថាមពលបាន ២០០មេហ្គាវ៉ាត់ ជាមួយនឹងកម្លាំងជំរុញ ៣,៨០០ តោន ក្រោយពេលដំណើរការសាកល្បងរយៈពេល ៧២ម៉ោង ហើយវាក៏ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសចិនផងដែរ។
ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ក្រុមហ៊ុន Datengxia បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបង្កើតប្រព័ន្ធការពារបរិស្ថានទឹកដ៏ធំបំផុតនៅក្នុងប្រទេសចិន រួមទាំងមជ្ឈមណ្ឌលអភិរក្សត្រីដ៏កម្រនៅទន្លេ Hongshui, ផ្លូវទំនប់មេត្រីនៃទន្លេ Qianjiang និងផ្លូវចិញ្ចឹមត្រីជីវសាស្ត្រនៃទន្លេ Nanmu, ស្ថានីយបង្កាត់ពូជត្រីនៅទន្លេ Datengxia និងទន្លេ Laibin Hongshui, សំបុកត្រីសិប្បនិម្មិតចំនួន៤ និងកន្លែងពងកូនសិប្បនិម្មិចំនួន១ ដើម្បីជួយដល់ការការពារប្រព័ន្ធអេកូឡូស៊ីនៃអាងទន្លេគុជ។
គម្រោង Datengxia គឺជាការគាំទ្រដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់ ហើយរហូតមកដល់ពេលនេះ ការផលិតថាមពលបន្ថែមនៃគម្រោងទំនប់ទឹកមួយនេះ មានកម្លាំងលើសពី ១២,៣០០ ជីហ្គាវ៉ាត់ម៉ោង។ ការសាងសង់គម្រោង Datengxia បានបើកនូវការដឹកជញ្ជូនសំខាន់ៗប្រមាណ ១០០ លានតោនលើផ្លូវទឹកមាសនៃទន្លេ Xijiang ។ បរិមាណនាវាចរណ៍នៃផ្លូវទឹកទន្លេ Qianjiang ត្រូវបានធ្វើឱ្យប្រសើរឡើងពីកម្រិត ៣០០ តោនទៅកម្រិតខ្ពស់បំផុត ៣,០០០តោន នៅក្នុងផ្លូវទឹកក្នុងប្រទេសចិន ព្រោះថា គម្រោង Datengxia ជាមជ្ឈមណ្ឌលដ៏សំខាន់របស់ផ្លូវទឹកមាសនៃទន្លេគុជ ដើម្បីសម្រេចបានការតភ្ជាប់ជាមួយទន្លេ និងសមុទ្រ។
បើតាមលោក Wang Xiaolin នាយកមជ្ឈមណ្ឌលគ្រប់គ្រងផ្លូវទឹករបស់ក្រុមហ៊ុន Datengxia បានឱ្យដឹងថា «បន្ទាប់ពីការធ្វើនាវាចរណ៍នៃគម្រោងទំនប់ទឹក Datengxia រួចមក ផ្នែកនៃទន្លេដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រនៅតំបន់អាងស្តុកទឹក Datengxia ត្រូវបានប្រែក្លាយជាប្រឡាយ ហើយច្រាំងថ្មចោទដ៏គ្រោះថ្នាក់ និងថ្មប៉ប្រះទឹកបានលិចទៅបាតទន្លេជាអចិន្ត្រៃយ៍»។
ផ្លូវកប៉ាល់សម្រាប់គម្រោង Datengxia បានបើកឱ្យធ្វើចរាចរណ៍ ២៤ម៉ោងក្នុងមួយថ្ងៃ ជាមួយបរិមាណទំនិញរហូតដល់ ១៨,០០០តោន ដែលស្មើនឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែកចំនួន ៣០០គ្រឿង។ រាប់ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០២០មក កប៉ាល់ដឹកទំនិញបានបើកឆ្លងកាត់គម្រោង Datengxia មានលើសពី ២០០លានតោន។
គម្រោង Datengxia ដែលជាផ្លូវទឹកដ៏សំខាន់នៅភាគនិរតីប្រទេសចិន បានតភ្ជាប់ទៅកាន់សមុទ្រ គ្រប់គ្រងធនធានទឹក និងតំបន់អាងទន្លេ Xijiang ប្រមាណ ៥៦ភាគរយ ជាពិសេសដោយសារតែទីតាំងភូមិសាស្ត្រលើទន្លេគុជ គម្រោងមួយនេះត្រូវបានគេហៅថា «ជ្រលងភ្នំបី»។
យោងតាមលោក Hua Rongsun នាយកមជ្ឈមណ្ឌលគ្រប់គ្រងគម្រោងក្រុមហ៊ុន Datengxia បានឱ្យដឹងថា ការរួមបញ្ចូលគ្នានៃគម្រោង Datengxia និងអាងស្តុកទឹកចំនួន៦ អាចបង្កើនស្តង់ដារគ្រប់គ្រងទឹកជំនន់ក្នុងទីក្រុង Wuzhou ចន្លោះពី ៥០ឆ្នាំ ទៅ ១០០ឆ្នាំ និងបង្កើនស្តង់ដារគ្រប់គ្រងទឹកជំនន់ធំៗនៅក្នុងតំបន់ដីសណ្ដទន្លេភាគពាយ័ព្យចន្លោះពេល ១០០ឆ្នាំ ទៅ ២០០ឆ្នាំ។
បើតាមការបញ្ជាក់ពីលោក Deng Xunfa នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Datengxia លើកឡើងថា «គុណភាពទឹកនៅក្នុងអាងទន្លេ Xijiang គឺល្អឥតខ្ចោះ ដែលជាប់ចំណាត់ថ្នាក់ល្អមួយក្នុងចំណោមប្រព័ន្ធទឹកកំពូលទាំង៧ នៅក្នុងប្រទេសចិន ស្របពេលដែលបច្ចុប្បន្នគម្រោង Datengxia ក៏កំពុងបន្តផ្តល់ទឹកស្អាតទៅដល់តំបន់ស្វយ័តក្វាងស៊ី, ខេត្តក្វាងទុង និងម៉ាកាវផងដែរ»។
លោកបន្តថា ក្នុងនាមជាខែលការពារទី២ ដើម្បីធានាការផ្គត់ផ្គង់ទឹកទៅម៉ាកាវ និងទីក្រុងជូហៃ ទំនប់វារីអគ្គិសនី Datengxia វាអាចកាត់បន្ថយពេលវេលាឆ្លើយតបទៅការផ្គត់ផ្គង់ទឹកបន្ទាន់ចេញពីអាងពី ១០ ថ្ងៃមកត្រឹម ៣ថ្ងៃ ហើយវាក៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ព្រឹត្តិការណ៍ជាច្រើន ដូចជាការកើនឡើងទឹកជំនន់ ការបំពុលទឹកភ្លាមៗ គ្រោះរាំងស្ងួត និងកង្វះទឹកនៅតំបន់ដីសណ្ដនៅតាមដងទន្លេជាដើម។
ចាប់តាំងពីច្រាំងទន្លេត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០មក គម្រោងទំនប់ទឹក Datengxia បានចូលរួមក្នុងការរំដោះទឹកចេញពីក្នុងអាងទឹក។ មកដល់ពេលបច្ចុប្បន្ននេះ ទឹកសរុបចំនួន ១.៨ពាន់លានម៉ែត្រគូប ត្រូវបានបំពេញបន្ថែមសម្រាប់ផ្នែកខាងក្រោម ដើម្បីធានាសុវត្ថិភាពទឹកជូនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GHM) រួមទាំងទីក្រុងជូហៃផងដែរ៕