(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយ៉ាងខ្លាំងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយសំខាន់ៗ និងចាំបាច់មួយចំនួន ដើម្បីជួយទ្រង់ទ្រងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការឧបត្ថម្ភថវិកា នៅពេលមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

ជាក់ស្តែងនៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រោងថវិកាប្រមាណ ១៦៥លានដុល្លារអាមេរិក សម្រាប់ជួយដល់គ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យ។

តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នាចុងសប្តាហ៍មុននេះបានបញ្ជាក់អំពីចំនួនថវិកាដែលត្រូវគ្រោងចំនួន ៦៧៤.៥ ប៊ីលានរៀល សមមូលនឹងប្រមាណ ១៦៥ លានដុល្លារ សម្រាប់បម្រើដល់ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាររងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

សូមជម្រាបថា បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ចំនួន ១ ៥៤២ ០៦៦ ២៣២ ០០០ រៀល ឬស្មើនឹង ៣៨៥ ៥១៦ ៥៥៨ដុល្លារ លើការបន្តអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។

ថវិកាចំណាយជាង ៣៨៥លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស ត្រូវបានអនុវត្តលើកម្មវិធីដូចខាងក្រោម៖

១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួន ១ ១៥២ ០២៧ ៣៩០ ៤០០រៀល ដែលក្នុងខែចុងក្រោយនេះ មានអ្នកទទួលផលប្រមាណ ៧០១ ៤៥២ គ្រួសារស្មើនឹង ២ ៧៦០ ០៨៥ នាក់។ បើគិតពីពេលចាប់ផ្តើមអនុវត្តក្នុងខែមីនា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២.៦៩លានដុល្លារហើយ។ កម្មវិធីឧបត្ថម្ភនេះកំពុងបន្តអនុវត្តន៍នៅឡើយ។

២៖ ការអនុវត្តការងារកំណត់អត្តសញ្ញាណគ្រួសារចំនួន ៧ ៧៣៥ ៩៧៤ ០០០រៀល។

៣៖ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ៣១ ១៩៩ ៨០៨ ០០០រៀល ដែលមានគ្រួសារគោលដៅចំនួន ៩៩ ១៦៩ គ្រួសារ ស្មើនឹង ៣៧២ ៨៥៩នាក់ បានទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីនេះ។ កម្មវិធីនេះបានបញ្ចប់រួចរាល់ហើយ។

៤៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាចំនួន ១៣៩ ៤៨៧ ១៩៦ ៦០០រៀល ដែលមានអ្នកទទួលផលសរុបប្រមាណ ៥០ ម៉ឺនគ្រួសារ ឬប្រមាណ ១,៨ លាននាក់។ កម្មវិធីនេះបានបញ្ចប់រួចរាល់ហើយ។

៥៖ កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំណាយអស់ថវិកាចំនួន ២៤ ០៨០ ៦៤០ ០០០ រៀល ដែលមានអ្នកទទួលផលប្រមាណ ៣៣៩ ៩៧៧នាក់។ កម្មវិធីឧបត្ថម្ភនេះ កំពុងបន្តអនុវត្តន៍។

៦៖ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រី នៅពេលសម្រាលកូន ចំនួន ២២ ៤៣៩ ៦០០ ០០០ រៀល ដែលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ប្រមាណ ៣៨៣ ០៧៥ នាក់។ កម្មវិធីឧបត្ថម្ភនេះ កំពុងបន្តអនុវត្តន៍។

៧៖ មូលនិធិសមធម៌សុខាភិបាល (សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ចំនួន ៦៥ ២៩៥ ៩១៣ ០០០ រៀល ដែលគ្របដណ្តប់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺនគ្រួសារ ស្នើនឹង ២,៨ លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ ដែលជាក្រុមគោលដៅ (ដែលរួមមាន៖ មេភូមិ, អនុភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, កីឡាករ-កីឡាការិនី, កម្មករធាក់ស៊ីក្លូ, និងបុគ្គលិក និងអ្នកជំនាញដោះមីន) ប្រមាណ១០ ម៉ឺននាក់។ កម្មវិធីឧបត្ថម្ភនេះ កំពុងបន្តអនុវត្តន៍។

៨៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការសាធារណៈ អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ៣៥ ៦១៩ ៥២៥ ០០០ រៀល ដែលគ្របដណ្តប់លើមន្ត្រីរាជការសាធារណៈ ប្រមាណ ៤២៨ ៧៥៥ នាក់ និងអតីតយុទ្ធជន និងយុវនីតិសម្បទាប្រមាណ ១២៥ ៣៤៩ នាក់។ កម្មវិធីឧបត្ថម្ភនេះ កំពុងបន្តអនុវត្តន៍។

៩៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈចំនួន ៣ ១៥៥ ៦៨៥ ០០០រៀល ដែលបានផ្តល់ការគាំពារផ្នែកហានិភ័យ ការងារដល់មន្ត្រីរាជការសាធារណៈ ប្រមាណ ២៤០ ១១៧ នាក់។ កម្មវិធីឧបត្ថម្ភនេះ កំពុងបន្តអនុវត្តន៍។

១០៖ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំនួន ៤៨ ២១៥ ២៥០ ០០០ រៀល ដែលមានសិស្សក្រីក្រទទួលផលសរុបចំនួន ២៦៣ ៧៥១ នាក់។ កម្មវិធីឧបត្ថម្ភនេះ កំពុងបន្តអនុវត្តន៍។

១១៖ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ចំនួន ១២ ៨០៩ ២៥០ ០០០ រៀល។ កម្មវិធីផ្តល់អាហារតាមសាលារៀន មានសិស្សទទួលផលសរុបប្រមាណ ៣០០ ០០០ នាក់ ក្នុងសាលារៀនគោលដៅចំនួន ១ ១១៣ សាលា ដែលរួមបញ្ចូលកម្មវិធីផ្តល់អាហារ តាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់។ កម្មវិធីឧបត្ថម្ភនេះ កំពុងបន្តអនុវត្តន៍៕