(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សាលាអន្តរជាតិ បានសហការជាមួយមជ្ឈមណ្ឌល ជាតិផ្ដល់ឈាមដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមពាក្យស្លោក «បរិច្ចាគឈាម សង្គ្រោះជីវិត» នៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ (លើផ្លូវ២០០៤)។

កម្មវិធីបរិច្ចាគឈាមនេះ ទទួលបានការចូលរួមពីបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងមាតាបិតា អ្នកអាណាព្យាបាលសិស្សប្រមាណ៧០រូប ទាំងខ្មែរ និងបរទេស ដែលបានចុះឈ្មោះស្ម័គ្រចិត្តបរិច្ចាគឈាម តាមរយៈសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

ការរៀបចំឲ្យមានកម្មវិធីបរិច្ចាគឈាមនេះ គឺជាកិច្ចការមនុស្សធម៌ដ៏ចម្បងមួយទៀត ដែលសាលាអន្តរ ជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ និងបានចូលរួមនាពេលកន្លងមក។ នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីសមានចិត្តនៃការចូលរួមចំណែកទទួលខុសត្រូវ លើកិច្ចការសង្គម ក្នុងនាមជាស្ថាប័នអប់រំឈានមុខមួយនៅកម្ពុជា។

ក្រៅអំពីការបរិច្ចាគឈាម នៅពេលនេះ គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានចូលរួមផងដែរ ក្នុងការ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារ បរិច្ចាគសម្ភារសិក្សាជូនដល់សាលារៀន ឬអង្គការក្នុងសហគមន៍ក្រីក្រ ព្រមទាំងបានចូលរួមកសាងជម្រកដល់ជនដែលគ្មានជម្រកទៀតផង។

គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សូមធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួម និងសូមសម្ដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនដល់ លោក លោកស្រី ដែលជាបុគ្គលិកអប់រំរបស់សាលា ព្រមទាំង មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះជាមួយសាលា៕