(ភ្នំពេញ)៖ រហូតដល់រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនដៃដល់ឈ្មោះ ផុន ភក្តី ជាអ្នកបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី ស្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្បែរផ្សាររាត្រី។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា «ក្រោយពីបញ្ចប់ការសួរចម្លើយ ការពិនិត្យឯកសារនិងភស្តុតាង លោក កុល បុន ជាព្រះរាជអាជ្ញារងបានសម្រេចបើកការសើបសួរដោយចោទប្រកាន់លើឈ្មោះ ផុន ភក្តី ពីបទ ហឺង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាព នៃជនរងគ្រោះ តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ»។ ចំណែកឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក ពីបទ ហឹង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ តាមមាត្រា ២១៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។

បច្ចុប្បន្នសំណុំរឿង និង ជនត្រូវចោទទាំង៣នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬ មិនឃុំខ្លួន ជនត្រូវចោទទាំង៣នាក់៕