(ត្បូងឃ្មុំ)៖ ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តត្បូងឃ្មុំ ក្នុងការអភិរក្សការពារ ធានាឲ្យបាននូវធនធានធម្មជាតិនៅក្នុងទឹក ពិសេសផលត្រី សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ជំនាញជលផលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងចម្រុះ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកចំនួន០៤គឺ ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកតំបែរ បានមួយចំនួនធំ ក្នុងខែតុលា ឆ្នាំ២០២៣នេះ។ នេះបើតាមឲ្យដឹងពីលោក អៀម ម៉ាយុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ។

លោក អៀម ម៉ាយុងរី បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ មានការចូលរួមសហការពីកម្លាំងចម្រុះរួមមាន កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងវរៈសេនាតូចកាំភ្លើងធំយោធ ភូមិភាគ២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលទាំង៤ស្រុក រួមមាន. ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកតំបែរ ព្រមទាំងមានការចូលរួមពីសហគមន៍នេសាទ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត បញ្ជាក់បន្ថែមថា ក្រោយចុះត្រួតពិនិត្យ ជាលទ្ធផលបានធ្វើការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងដែននេសាទទាំង០៤ស្រុក សរុបចំនួន១៣លើក បានចំនួន១៤ករណី ដោយចាប់ដកហូត និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានចំនួនធំរួមមាន លូស្បៃមុងចំនួន២៣៥មាត់ របាំងស្បៃមុង១២,៣៩៨ម៉ែត្រ បង្គោលឫស្សី៧,១៩១ដើម ដាយ១មាត់ ខ្សែពួចំនួន២ខ្សែប្រវែង៤០ម៉ែត្រ របាំងរ៉ាវ ៦២៥ម៉ែត្រ លបឬរ៉ាវ១២មាត់ និងលែងកូនត្រីបានចំនួន១៣០៣គីឡូក្រាមផងដែរ៕