(កណ្ដាល)៖ ពិធីអុំទូកនៅក្រុងតាខ្មៅ ដែលប្រព្រឹត្តិទៅមួយថ្ងៃគឺថ្ងៃទី២៩ ខែតុលា ពេញដោយភាពជោគជ័យ និងរលូនល្អបំផុត ខណ:ដែលភ្ញៀវទេសចរណ៍មកលេងកម្សាន្តប្រមាណជាង៦ម៉ឺននាក់។ ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលមានលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត បានរៀបចំកម្មវិធីដ៏ពិសេសនេះឡើង ញ៉ំងឲ្យពលរដ្ឋត្រេកអរសប្បាយរីករាយពេញចិត្តឥតឧបមា ជាមួយនឹងស្នូរសម្លេងសប្បាយរីករាយ ហ៊ោរកញ្ច្រាវពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងក្រុមកីឡាករចំណុះទូក ក្រោមម្លប់សន្តិភាព។ ការណ៍នេះឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរមិនដាច់ពីមាត់ និងផ្ដល់រង្វាន់ដល់គ្រប់កីឡាករទាំងអស់ផងដែរ។

អភិបាលខេត្តកណ្ដាល មើលឃើញពីភាពរីករាយនេះ និងចង់ញ៉ាំងឲ្យកាន់អធិកអធមឡើង និងជាការលើកទឹកចិត្តផងនោះ លោកក៏បានប្រកាសឧបត្ថម្ភបន្ថែមទៅលើកីឡាករទាំងអស់ផងដែរ។

លោកអភិបាលខេត្ត បញ្ជាក់ថា ក្នុងរយៈពេល០១ថ្ងៃ នៃកម្មវិធីប្រណាំងទូកនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំកម្មវិធីកំសាន្តសប្បាយអមជាមួយការប្រណាំងទូកប្រពៃណី ដូចជា ស្តង់ពិព័ណ៌លក់ ផលិតផលនានា ការប្រគុំតន្ត្រីសម័យ បុរាណ ការរាំលេងកម្សាន្ត និងមានការបាញ់កាំជ្រួចចំនួន៥០០គ្រាប់ផងដែរ ដែលឧបត្ថម្ភដោយលោកឧកញ៉ា ឡូវ ហឹង។

ជាមួយនឹងសម្រែកស្រែកហ៊ោរកញ្រ្ចាវពេញដោយក្ដីសុខ សប្បាយរីករាយរបស់ក្រុមកីឡាករ និងបងប្អូនប្រជាពលរដ្ឋ, អភិបាលខេត្តកណ្ដាល បានថ្លែងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត ដែលខិតខំកសាងប្រទេសជាតិ និងដឹកនាំឲ្យកាន់តែរីកចម្រើនឡើងទៅមុខជាលំដាប់ ទើបយើងមានឱកាសរៀបចំកម្មវិធីដ៍សប្បាយរីករាយនេបានយ៉ាងរលូនល្អ។

មានប្រសាសន៍បិទបញ្ចប់ ប្រណាំងទូក អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន បានបង្ហាញពីការកោតសរសើរចំពោះការរៀបចំកម្មវិធីប្រណាំងទូកនៅក្រុងតាខ្មៅ បានយ៉ាងល្អ និងរលូនផងដែរ ដើម្បីបង្កលក្ខណ:កម្សាន្តសប្បាយ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រុងតាខ្មៅ ក៏ដូចជាពលរដ្ឋមកពីបណ្តារាជធានី ខេត្តផ្សេងៗងទៀតក្នុងឱកាសនេះ។

លោក គង់ សោភ័ណ្ឌ បានឧបត្ថម្ភគាំទ្រដល់កីឡាករដែលចូលរួមទាំងអស់ចំនួន៤,១៥២នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស ,ត្រីខ១យួរ, សារុង១ និងថវិការចំនួន៥០,០០០ម៉ឺនរៀល។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ខេត្តកណ្តាល បានជ្រើសរើសទូកសរុបចំនួន ៧៤ទូក ក្នុងនោះរួមមាន៖ ទូកខ្នាតអន្តរជាតិនារីចំនួន២ទូក, ទូកខ្នាតអន្តរជាតិ បុរសចំនួន ៣២ទូក,ទូកអុំបុរសចំនួន៣៤ទូកចែវ ចំនួន០៥ទូក ,ចំណុះទូកសរុបចំនួន៤.១៧៩នាក់ ដោយឡែកចំពោះ ការអុំនៅពេលរសៀល ចំនួន២លើក ខណ:សម្រាប់ទូកដែលទទួលបានចំណាត់ថ្នាក់លេខ១គឺទូក សារាយតេជោសែនជ័យ មកពីស្រុកខ្សាច់កណ្តាល, ទូកទទួលជាប់ចំណាត់ថ្នាក់លេខ២ គឺទូក រតន:កុមារតេជោសែនជ័យ មកពីក្រុងអរិយក្សត្រ និងទូកទទួលបានចំណាត់ថ្នាក់លេខ៣ គឺទូក បារមីតេជ:ទូលភីវត្តបារុង មកពីក្រុងអរិយក្សត្រ។

បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តបានថ្លែងថា ពួកគាត់ពិតជារំភើប សប្បាយរីករាយណាស់ដែលបានឃើញស្រុកទេសមានសន្តិភាព ពិសេសថ្ងៃនេះខេត្តកណ្ដាលរៀបចំពិធីបុណ្យអុំទូកទៀត ដែលមើលឃើញមានភាព សប្បាយរីករាយ អ៊ូអរណាស់ មានទាំងកម្មវិធីតន្ត្រី ចម្រៀងកម្សាន្ត សម្បូរតូបលក់ម្ហូបអាហារឆ្ងាញ់ៗ ភេសជ្ជ:គ្រប់មុខ កន្លែងកម្សាន្តសប្បាយ ព្រមជាមួយនឹងសន្តិសុខល្អណាស់ ព្រោះឃើញសុទ្ធតែសមត្ថកិច្ចយាមកាមគ្រប់ច្រកល្ហក មានសុវត្ថិភាពល្អណាស់។

ពេលយប់ គឺកាន់តែស្អាត មានភ្លើងចម្រុះពណ៍ តន្ត្រីកន្ត្រាក់អារម្មណ៍ ហើយពិសេសមានការបាញ់កាំជ្រួច បណ្ដែតប្រទីបទៀតផង៕