(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបាននាំយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនូន៥គ្រួសារ នៅភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោក ហោ ប៊ុនហួរ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងក្រុមការងារ។

នៅក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ បានថ្លែងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

ជាក់ស្តែងនៅពេលនេះ ដោយឮដំណឹងថាបងប្អូនប្រជាពលរដ្ឋយើងរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសំបែង លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង ឱ្យដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំអំណោយមានសម្ភារ និងថវិកា យកមកប្រគល់ជូនភ្លាមៗផងដែរ។

លោក ហោ ប៊ុនហួរ ក៏បានថ្លែងនូវការចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានធ្វើឱ្យខូចខាតផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋយើង។ លោកក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនូវគ្រោះធម្មជាតិ សូមកុំអស់សង្ឃឹមឱ្យសោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងកាកបាទក្រហមកម្ពុជា មិនទុកបងប្អូនចោលនោះទេ ផ្ទុយទៅវិញត្រូវខិតខំបង្ករបង្កើន និងប្រកបរបរទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ។

សូមបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕