(កណ្តាល)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារក្នុងអាទិភាពចម្បង នៅមណ្ឌលសុខភាពព្រែកស្តី មន្ទីរពេទ្យបង្អែកស្រុកកោះធំ និងមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

ការអញ្ជើញរបស់លោករដ្ឋមន្ដ្រីដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធិភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល សួរសុខទុក និងជូនពរអ្នកជំងឺ ក្រុមគ្រួសារ ដែលមកទទួលសេវាពិគ្រោះ ក៏ដូចជាកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក រួមទាំងជួបសំណេះសំណាលថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រដែលជាជំនាញរបស់ខ្លួន រួមទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលស្ថាបន័ក្រសួងបានរៀបចំរៀងរាល់សប្តាហ៍។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពប្រកប ដោយនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត ៧) ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរចំពោះស្មារតីរួបរួមសាមគ្គី តម្កល់ផលប្រយោជន៍រួម គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕