(ស្វាយរៀង)៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត។
លោកថា វេទិកាសាធារណៈនេះក៏បានផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។
លោក សរ សុដានី ថ្លែងបែបនេះ ខណៈដែលលោកតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣ ឆ្នាំ២០២៣ ក្នុងក្រុងស្វាយរៀង ដែលមានការចូលរួមជាអធិបតី ពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោក សរ សុដានី បានបន្ថែមថា គោលបំណងសំខាន់នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាស ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើងផងដែរ៕