(រតនគិរី)៖ ដើម្បីត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលជាប្រពៃណីជាតិខ្មែរតាំងពីបុរមបុរាណ និងដើម្បីបង្កលក្ខណៈសប្បាយរីករាយជនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅនោះ នាព្រឹកថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ លោក​ ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សសម្អាតអនាម័យជុំវិញបឹងកន្សែងស្ថិតនៅកណ្តាលក្រុងបានលុង។

បើតាមលោក ញ៉ែម សំអឿន, យុទ្ធនាការសម្អាតអនាម័យជុំវិញបឹងកន្សែងក្នុងព្រឹកនេះមានការចូលរួមពីពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងបានលុង លោកចៅសង្កាត់ទាំង៤ ក្នុងក្រុងបានលុង ព្រមទាំងសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាក្នុងក្រុងបានលុងជាច្រើននាក់។

លោកបន្តថា «នៅថ្ងៃនេះគឺប្រើប្រាស់កម្លាំងសរុបតែម្តងដើម្បីកែលម្អរសោភណ្ឌភាពរមណីដ្ឋានបឹងកន្សែងឲ្យទេសភាពស្រស់បំព្រងជាពិសេសនៅពេលរាត្រីតែម្តងដើម្បីទាក់ទាញភ្ញៀវជិតឆ្ងាយមកកម្សាន្ត»

បន្ថែមលើនេះទៀតលោក ញ៉ែម សំអឿន ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋចេះស្រលាញ់ភាពស្អាត មានអនាម័យ  ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពគឺផ្តើមចេញពីយើងម្នាក់ៗ។ទន្ទឹមនេះដែរលោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តផ្សេងៗមកកម្សាន្តសប្បាយឲ្យបានច្រើនកុះករ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕