(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយ «សេចក្ដីអង្កេតសន្និដ្ឋាន នៃរបាយការណ៍ លើកទី២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌» ដើម្បីពិភាក្សា ពីការផ្សព្វផ្សាយនៃសង្កេតសន្និដ្ឋាន រួមទាំងយុទ្ធសាស្ត្រ និងតួនាទីសម្រាប់ធ្វើការ តាមដានការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធនានា។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតិភាព លោក កែវ រ៉េមី ទេសរដ្ឋមន្តី្រ និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកសី្រ រួអេដា អិល ហាច តំណាង OHCHR ព្រមទាំង ក្រសួងមន្ទីរ សមាជិករដ្ឋសភា ពាក់ព័ន្ធ តំណាងសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថានទូត សរុបជាង១០០នាក់ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។

 នៅក្នុងឱកាសនេះដែរ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ាន ដោយបានផ្តល់សច្ចាប័ន និងចូលជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំង ពិធីសារបន្ថែមចំនួន៤ទៀតផងដែរ។ បន្ថែមលើនេះ កម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុក សិទិ្ធមនុស្សប្រចាំកម្ពុជា ហើយតែងតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាម វិស័យជាបន្តបន្ទាប់តាមការស្នើសុំ។ កត្តាធំៗទាំងនេះ គឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំនិងមិនអាច ប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ជាសត្យានុម័ត ដូចយើងបាននិងកំពុងឃើញជាក់ស្ដែង គ្មានទេការគោរពសិទ្ធិសេរី ភាពជាមូលដ្ឋានរបស់មនុស្សនៅក្នុងភ្នក់ភ្លើងសង្គ្រាម សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគ ក៏មិនត្រូវបានធានាដែរ ហេតុនេះ ការចូលរួមថែរក្សានិងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា។ បន្ថែមលើនេះ អ្វីដែល យើងគ្រប់គ្នាគួរមានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះគឺ ប្រទេសកម្ពុជាយើងពុំមានទោស ប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ច មួយដ៏សំខាន់បំផុតស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

លោក កែវ រ៉េមី បានបន្ដទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា មានកាតព្វកិច្ចក្នុងការសរសេររបាយការណ៍ចំនួន៥ ជូនអង្គការ សហប្រជាជាតិ រួមមាន៖ ១.របាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ២.របាយ ការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ៣.របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ៤.របាយ ការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ និង ៥.របាយការណ៍ស្តីពីការការពារជន គ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ ជាមួយនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏មានភារកិច្ចក្នុងការសរសេរ ឯកសារគោលរួម (Common Core Document) ដែលជាឯកសារនិយាយអំពីព័ត៌មានទូទៅពាក់ព័ន្ធនឹង ប្រទេសកម្ពុជា សម្រាប់ភ្ជាប់ជាមួយរបាយការណ៍តាមសន្ធិសញ្ញាជាក់លាក់នីមួយៗ ដែលទើបតែបានបញ្ជូន ទៅអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។

លើសពីនេះទៀត តាមការសម្រេចបានលទ្ធផលក្នុងការអនុវត្តអនុសាសន៍ ដែលទទួលបានពីយន្តការសិទ្ធិមនុស្សទាំងឡាយរបស់អង្គការសហប្រជាជាតិ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍ សិទ្ធិមនុស្សនៅជុំបន្ទាប់ទៀត ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ ការធ្វើរបាយការណ៍ឱ្យស្របតាមទម្រង់ ការដាក់របាយ ការណ៍ទាន់ពេលវេលា និងការចូលរួមការពិនិត្យរបាយការណ៍ជាតិជាមួយយន្តការក្រុមប្រឹក្សាសិទ្ធិមនុស្ស និងយន្តការស្ថាប័នតាមសន្ធិសញ្ញា ក៏ជាចំណែកមួយដែលសហគមន៍អន្តរជាតិយកធ្វើជាមូលដ្ឋាន សម្រាប់ វាយតម្លៃពីការយកចិត្តទុកដាក់របស់កម្ពុជាលើវិស័យសិទ្ធិមនុស្សផងដែរ។ គួរកត់សម្គាល់ថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលជាប់កាតព្វកិច្ចទទួលបន្ទុកធ្វើរបាយការណ៍ជូនអង្គការសហប្រជាជាតិ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានឧត្តមានុវត្តលើការដាក់របាយការណ៍ និងការចូលរួមក្នុងកិច្ច សន្ទនាបែបស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ។

ជាថ្មីម្ដងទៀត លោក កែវ រ៉េមី ទេសរដ្ឋមន្តី្រ ក៏មានសេចក្តីរំពឹងនិងជំនឿយ៉ាងមុតមាំថា សិក្ខាសាលានាឱកាសនេះ នឹងបង្កើន ការយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត លើអនុសាសន៍ទាំងឡាយនៅក្នុងសេចក្តីអង្កេតសន្និដ្ឋានរបស់ គណៈកម្មាធិការសិទ្ធិសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលនឹងចូលរួមចំណែកធ្វើឱ្យសម្រេចគោលបំណងសំខាន់របស់យើង គឺការអនុវត្តអនុសាស៍ទាំងនោះឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់បញ្ចូល ក្នុងរបាយការណ៍ជុំបន្ទាប់។ ទន្ទឹមនេះ លោក កែវ រ៉េមី ក៏មានជំនឿជាក់ និងក្តីរំពឹងផងដែរថា គ្រប់ក្រសួង ស្ថាប័ន និងភាគី ពាក់ព័ន្ធទាំងអស់ នឹងចូលរួមកាន់តែសកម្ម និងប្រកបដោយអត្ថន័យបន្ថែមទៀត ក្នុងដំណើរការនៃការ សរសេររបាយការណ៍សិទ្ធិមនុស្ស និងការពិនិត្យរបាយការណ៍ជាមួយគ្រប់យន្តការសិទ្ធិមនុស្ស ដើម្បីបុព្វហេតុ និងកិត្យានុភាពជាតិយើង៕