(ត្បូងឃ្មុំ)៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ប៉ា ម៉េងហុក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងលើកទឹកចិត្តដល់សិស្សានុសិស្សរស់នៅឃុំវាលម្លូរ ស្រុកពញាក្រែក ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៣ខាងមុខនេះ។

ឱកាសនោះ លោកបណ្ឌិត ប៉ា ម៉េងហុក បានលើកឡើងថា ការសិក្សាគឺមានតម្លៃយ៉ាងធំធេងណាស់ ហើយថា ចំពោះអ្នកដែលមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យបានសកម្មបំផុត ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ ពិសេស (ក្មួយៗមិនត្រូវចង់បានប័ណ្ណក្រក្រីពី រាជរដ្ឋាភិបាលនោះទេ ត្រូវតែខំប្រឹងសិក្សារៀនសូត្រឲ្យពូកែ ទើបឱកាសការងារល្អៗរង់ចាំយើងគ្រប់ៗគ្នា)។

ជាមួយគ្នានោះ លោកបណ្ឌិត បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។

លោកបានបញ្ជាក់ថា «អ្វីដែលសំខាន់បំផុត គឺសិស្សានុសិស្សត្រូវតែខិតខំបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ មានចម្ងល់ត្រូវសាកសួរ ត្រូវសិក្សាស្រាវជ្រាវ ជំរុញការរៀនសូត្រឱ្យបានច្រើន ព្រោះជាឆ្នាំត្រូវប្រឡង»

លោកបានបន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងបាក់ឌុបនឹងមកដល់ហើយ ក្មួយៗនឹងត្រូវបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ដូចនេះក្មួយៗត្រូវខិតខំរៀនសូត្រនូវថ្នាក់ឧត្តមបន្តទៀត ដើម្បីបង្កើនចំណេះដឹង និងជំនាញឆ្លើយតបបានទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជាក្នុងតំបន់ និងសកលលោក ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន អ្វីដែលសំខាន់នោះគឺក្មួយៗត្រូវខិតខំកសាងខ្លួនឯងឱ្យបានល្អ ជាប្រជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ ជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគតផងដែរ។

ម្យ៉ាងវិញទៀត លោកបណ្ឌិត ប៉ា ម៉េងហុក បញ្ជាក់ថា ប្រសិនបើលោកមិនបន្តជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ នៅអាណត្តិទី៧នេះទេ លោក សូមសំណូមពរដល់ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរថ្មី និងអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ សូមជួយថែរក្សាចាស់ បង្កើតថ្មី ក្នុងនោះ មានសមិទ្ធផលជាច្រើនដូចជា ស្ដារប្រឡាយ ស្រះ ត្រពាំង បឹងបួរ ដែលឯកឧត្តម ព្រមទាំងក្រុមការងារខិតខំប្រឹងប្រែងស្ដារនិងកសាងនាពេលកន្លងមក ទុកអោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ចិញ្ចឹមជីវិតជារៀងរហូតទៅ ជៀសវាងជនខិលខូចយកមកធ្វើជារបស់ផ្ទាល់ខ្លួន។

ក្រោយចប់សំណេះសំណាល លោកក៏បានរៀបចំពិធីហូបអាហារសាមគ្គី និងរាំលេងកម្សាន្ត ហើយក៏បានឧបត្ថម្ភជាថវិកាជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងបាក់ឌុបរស់នៅក្នុងឃុំវាល់ម្លូរ ក្នុងក្មួយម្នាក់ៗទទួលបានថវិការចំនួន៥ម៉ឺនរៀល សម្រាប់ធ្វើដំណើរទៅប្រឡងផងដែរ៕