(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណ:២ថ្ងៃនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តជាង១លាននាក់។

គណៈប្រតិភូអមដំណើរចូលរួមក្នុងពិធីនេះរួមមាន លោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានការចូលរួមទស្សនាពីប្រជាពលរដ្ឋតាមបណ្ដាលក្រុង ស្រុកនានាក្នុងខេត្ត។

ពិធីប្រណាំងទូក បណ្ដែតប្រទីប របស់ខេត្តបាត់ដំបងនាពេលនេះ គឺជាលើកទី២២ ដែលបានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយខកខានប្រារព្ធរយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ក្នុងឆ្នាំ២០២៣នេះ ទូកដែលបានចូលរួមប្រកួតសរុបចំនួន៤៥ទូក និងមានកីឡាករ កីឡាការិនីសរុប១,៥៩៦រូប។

ក្នុងរយៈពេល២ថ្ងៃនេះ ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង និងបានដំណើរការទៅប្រកបដោយជោគជ័យ ស្ថិតក្នុងបរិយាកាស សប្បាយរីករាយក្រៃលែង រីឯកីឡាករកីឡាការិនីទាំងអស់ បានបញ្ចេញអស់ថាមពល និងបច្ចេកទេស ធ្វើការប្រកួតដោយលក្ខណៈសាមគ្គីភាព មិត្តភាព ក្នុងការដណ្ដើមយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏ថ្លែងទាញចំណាប់អារម្មណ៍អង្គពិធីអំពីសមិទ្ធផលធំៗលើគ្រប់វិស័យទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្ដូរមុខ

មាត់ថ្មីគួរជាទីមោទនៈនេះ គឺបានមកតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា
ក្សត្រ បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងទៀត។

ជាពិសេសស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានព្រះមហាក្សត គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈ ប្រទេសកម្ពុជាយើង មានការអភិវឌ្ឍ រីកចម្រើនលើ គ្រប់វិស័យ ហើយប្រជាពលរដ្ឋកំពុងរស់នៅជាមួយនឹងជីវភាពសមរម្យ មានចំណេះដឹង មានសុខុមាលភាពល្អប្រសើរ ចីរភាព។ សមិទ្ធផលទាំងនេះក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិ
កាលទី៧ នៃរដ្ឋសភា ឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។

សម្ដេចក្រឡាហោម ស ខេង បានជំរុញឲ្យប្រជាពលរដ្ឋបន្តការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង។

បន្ថែមពីនេះ សម្ដេចជំរុញការផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍»។ រួមគ្នាជំរុញផ្សព្វផ្សាយអប់រំ និងអនុវត្តច្បាប់ចរាចរណ៍ឲ្យទូលំទូលាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹក ស្អាត និងរស់នៅស្អាត ឲ្យបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងការកោតសរសើរចំពោះ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ចំណុះរដ្ឋបាលខេត្តបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បាត់ដំបង សប្បុរសជន កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឲ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយ សាមគ្គីភាព និងសប្បា
យរីករាយ៕