(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ និងលោកស្រី ប៉ែន ចន្ទី រួមទាំងបុត្រ ព្រមទាំងនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើនទៀត បាននាំយកស្បង់ត្រ័យជីវរដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សានៅវត្តតុំ អស់កាលត្រីមាស ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

យោងតាមរបាយការណ៍របស់លោកអភិបាលក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ននេះ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុកដាក់បំផុតក្នុងការលើកកម្ពស់វិស័យ ពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា ជាពិសេស ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការីតែងតែឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃដើម្បីចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងក្រុងដូនកែវរោប់ជានិច្ច ព្រមទាំងចូលរួមចំណែក ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាងអភិវឌ្ឍទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានចាត់តាំងលោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងលោកជំទាវ ហ៉ីង សុខលាភ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកនូវអំណោយមកចែកជូនប្រជាពលរដ្ឋចំនួន ៧៩១គ្រួសារ ក្នុងសង្កាត់រកាក្រៅ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី២កេស ត្រីខ២យួរ និងថវិកា២០,០០០រៀល។

ក្នុងឆ្នាំ២០២៣នេះ លោក និងលោកស្រី បានផ្តួចផ្តើមដឹកនាំកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមក្នុងទីអារ៉ាម រួមមាន កសាងក្លោងទ្វារវត្តចំនួន៣ កសាងព្រះពុទ្ធអង្គធំ ១ព្រះអង្គ កសាងរូបសំណាក នាគបាញ់ទឹក និងនាងគង្ហីង រៀបឥដ្ឋការ៉ូឡា ១,៥០០ម៉ែត្រការ៉េ និងលាបរបងវត្តដោយចំណាយអស់ថវិកាសរុប ១៤០,០០០ដុល្លារ។ សរុបសមិទ្ធផលដែល លោក និងលោកស្រី បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះ គិតជាថវិកាស្មើនឹង១,៣៤៨,៧១៦ដុល្លា ក្រៅពីនោះបានជួយជាសម្ភារៈ ថវិកាជាច្រើន ទៀត សម្រាប់ប្រជាពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសដង្ហែអង្គកឋិនទាននេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានជួបសំំណេះសំំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ។ លោកបានបញ្ជាក់ថា ដោយសារសន្តិភាព ទើបបានធ្វើយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស នៅសព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ បង្កើតការងារប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយ ឯកភាពជាតិ ខ្មែរជួយខ្មែរ យ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្រុងដូនកែវ ខេត្តតាកែវ កុំចាញ់ការញុះញង់របស់ជនអគតិ ហើយត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព និងការកសាងអភិវឌ្ឍជាតិ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្ទី បានវេរប្រគេនបច្ច័យសង្កត់ត្រ័យអង្គកឋិនទាន ចំនួន៨០លានរៀល និងបច្ច័យអមត្រ័យរបស់ពុទ្ធបរិស័ទ្ធ ២៥លាន ៧០ម៉ឺនរៀល សរុបបច្ច័យមាន១០៥លាន ៧០ម៉ឺនរៀល។ ជាមួយគ្នានេះ លោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនតាជីយាយជី ក្រុមប្រឹក្សាក្រុង សង្កាត់ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕