(ព្រះវិហារ)៖ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងភូមិសាស្ត្រដោយប្រើសញ្ញាផ្កាយរណប (GPS / GNSS) ជំនាន់ទី២ ឆ្នាំ២០២៣ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក។

ពិធីនេះបានឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក លៀង ភារម្យ​ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, ឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក, មេបញ្ជាការរង ប្រចាំការអចិន្ត្រៃយ៍គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទាំង៥, ឧត្តមសេនីយ៍ ស្នងការខេត្ត ឧត្តរមានជ័យ និងស្នងការខេត្តព្រះវិហារ, ស្នងការរងទទួលផែនការងារព្រំដែនទាំងអស់, មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹកទាំងអស់, គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមចំនួន ៣១២នាក់ មកពីតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក។

នៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់សិក្ខាកាមទាំងអស់ និងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែរបន្ទាត់ព្រំដែនទិសភូមិភាគទី៤ ផងដែរ៕