(កំពង់ស្ពឺ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។

លោករដ្ឋមន្ត្រីបានពាំនាំសេចក្តីនឹករលឹក​ និងការសាកសួរសុខទុក្ខពីសំណាក់សម្តេច​តេជោ ហ៊ុន សែន​ និងសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ជូនដល់មន្ត្រីរាជការដែលបម្រើការក្នុងមជ្ឃមណ្ឌល និងបានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលនេះ ដែលបានខិតខំបំពេញភារកិច្ចបានល្អនាពេលកន្លងមក ជាពិសេសបានរួមចំណែកយ៉ាងសកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្ដីបានពិនិត្យហេដ្ឋារចនាសម្ពន្ធទាំងអស់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ​​ និងផ្តាំផ្ញើសូមឲ្យមន្ត្រីគ្រប់រូបចូលរួមថែរក្សាការពារទ្រព្យសម្បត្តិទាំងឡាយក្នុងមជ្ឃមណ្ឌលឲ្យនៅស្ថិតស្ថិរ ដូចជាសម្បត្តិផ្ទាល់ខ្លួនរបស់គ្រប់គ្នាផងដែរ។

សូមបញ្ជាក់ថា តាំងពី២០១៧-២០២៣ មជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលបានចំនួន៩៤វគ្គ សិក្ខាកាមសរុប២,៦១៥នាក់ ស្រី​​​៩៤០នាក់ ក្នុងនោះកសិករចំនួន១,២៤១នាក់ ក្រៅពីនោះភាគច្រើនជាគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ )៕