(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសកម្មភាពដោះមីនរបស់ប្រតិបត្តិករដោះមីនទាំងអស់ គឺជាការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ ថែមទាំងផ្ដល់សុវត្ថិភាព និងសុភមង្គលដល់ប្រជាពលរដ្ឋរាប់លាននាក់ ក៏ដូចជារំដោះដីស្រែចម្ការសម្រាប់ឱ្យប្រជាពលរដ្ឋបានរស់នៅ និងធ្វើកសិកម្មយ៉ាងច្រើន។

ការកោតសរសើរយ៉ាងដូច្នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ អមជាមួយការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានរំឭកនូវការប្រកាសយុទ្ធនាការរំដោះមីននៅស្រុកភ្នំស្រួចកាលពីពេលកន្លងទៅ ខណៈបច្ចុប្បន្ននេះប្រតិបត្តិករដោះមីនមិនត្រឹមតែរំដោះមីននៅស្រុកភ្នំស្រួចតែមួយនោះទេ គឺរំដោះក្រុងស្រុកនានានៅក្នុងខេត្តកំពង់ស្ពឺទាំងមូលតែម្ដង។

សម្ដេចធិបតីបានបន្តថា ខេត្តកំពង់ស្ពឺជាខេត្តទី១៣ហើយដែលត្រូវបានរំដោះមីនអស់រួចរាល់ នេះបានន័យថា សង្គ្រាមក៏ចប់ មីនក៏ត្រូវបានដោះចេញជាបន្តបន្ទាប់ ហើយកម្ពុជាក៏បានប្ដេជ្ញាចិត្តមិនប្រើប្រាស់មីនទៀតនោះឡើយ ហើយឈានទៅដល់ការរួមគ្នាដើម្បីដោះស្រាយបញ្ហាមីនជូនប្រជាពលរដ្ឋកាន់តែច្រើន។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលកងកម្លាំងប្រតិបត្តិករដោះមីនបានខិតខំកន្លងមកនេះ គឺពិតជាបានផ្ដល់នូវសុវត្ថិភាព សុភមង្គលដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ រាប់សែននាក់ រាប់លាននាក់ ក្នុងនោះគឺបានជួយប្រជាពលរដ្ឋឱ្យបានរួចផុតពីគ្រោះថ្នាក់ ស្លាប់ របួស ឬពិការ និងថែមទាំងរំដោះដីស្រែចម្ការឱ្យប្រជាពលរដ្ឋរាប់សែននាក់រាប់លាននាក់មានដីធ្វើកសិកម្មបានសុខស្រួល»

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរចំពោះប្រតិបត្តិករដោះមីនទាំងអស់ ដែលបានអនុវត្តការងារដោយជោគជ័យកន្លងមក ទោះបីប្រឈមនឹងគ្រោះថ្នាក់យ៉ាងណា តែក៏តែមិនរុញរាក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋនេះឡើយ។

សម្ដេចធិបតីបានបន្តទៀតថា ជាមោទនភាពរបស់កម្ពុជា គឺមិនត្រឹមតែការខិតខំរំដោះមីនក្នុងប្រទេសនោះទេ ថែមទាំងបានបញ្ជូនកម្លាំងដោះមីនចេញទៅជួយដោះមីននៅបណ្ដាប្រទេសជាច្រើនទៀត ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងនោះក៏មានការចូលរួមរបស់កងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជាផងដែរ៕