(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធភាព និងទម្ងន់ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន និងផ្តោតនៅក្នុងការយកចិត្តទុកដាក់នៅក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្ដេចធិបតី នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា «នៅក្នុងអាណត្តិទី៧នេះ យើងបានកែរសម្រួលរចនាសម្ព័ន្ធដឹកនាំក៏ដូចជា ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន[...] និងបានសម្រេចកែរតែម្តង ហើយការកែរនេះមិនត្រឹមតែតម្លើងកម្រិតអ្នកដឹកនាំទៅជាកម្រិតឧបនាយករដ្ឋមន្ត្រីទេ ថែមទាំងមានឧបនាយករដ្ឋមន្ត្រីសរុប ៤នាក់ នៅក្នុងយន្តការនេះ»

សម្តេចធិបតី បានបន្ថែមថា ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនមានដូចជា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើឱ្យមានទម្ងន់ធ្ងន់ ដើម្បីបញ្ចេញសារជូនប្រជាពលរដ្ឋ។

សម្តេចធិបតី បានបន្ថែមថា ទម្ងន់នេះស្មើនឹងការទទួលខុសត្រូវ និងអតិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោតនៅក្នុងការយកចិត្តទុកដាក់នៅក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ដែលនេះគឺជាអ្វីដែលយើងបានខិតខំប្រឹងប្រែងធ្វើ។

បន្ថែមពីនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងដែរថា ពិតណាស់ហានិភ័យពីគ្រាប់មីន ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យពីនៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពីរឿងបញ្ហាសុខសុវត្តិភាព សន្តិសុខសង្គមគឺជារឿងសំខាន់ បញ្ហាគ្រឿងញៀន បញ្ហាបងធំបងតូច និងបញ្ហាល្បែងស៊ីសង គឺជាកង្វល់របស់ប្រជាពលរដ្ឋ ដែលនេះគឺជាវិធានការគន្លឹះ និងមាននៅក្នុងយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ និងមានគ្រប់ដណ្តប់បន្តពីយុទ្ធសាស្ត្រចតុកោណ ក្នុងនោះគោលនយោយបាយរបស់កម្ពុជា គឺមានធំ ហើយបានអនុវត្តច្រើនអាណត្តិមកហើយ ហើយនឹងអនុវត្តបន្តទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ក៏មានសារៈសំខាន់ដូចគ្នាដែរ ហើយដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព យើងត្រូវតែបន្តពង្រឹងយន្តការនេះ ហើយកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលបានបំពេញភារកិច្ចបានល្អនៅក្នុងមូលដ្ឋាន សូមបន្តខិតខំបន្ថែមទៀត និងបន្តដោះស្រាយបញ្ហាដែលប្រឈមបន្ថែមទៀតផងដែរ៕