(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា កម្ពុជានឹងខិតខំធ្វើឲ្យសម្រេច ផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ដែលជាការផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ និងការផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន ដែលយើងបានរួមគ្នាធ្វើ យើងនឹងបន្ដធ្វើ ឲ្យបានសម្រេចតាមផែនការ»

បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែខំប្រឹងដោះមីន នៅក្នុងប្រទេសខ្លួននោះទេ ប៉ុន្តែកម្ពុជា ក៏បានបញ្ជូនកម្លាំងដោះមីន តាមរយៈអង្គការសហប្រជាជាតិ ទៅដោះមីននៅក្រៅប្រទេសផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលះបង់របស់បងប្អូន ជាកម្លាំងដោះមីន គឺពិតណាស់បានផ្ដល់នូវសុភមង្គល ដល់ប្រជាពលរដ្ឋរាប់ម៉ឺ​នរាប់លាននាក់ ដែលជួយឲ្យរួចផុតពីគ្រោះថា្នក់ ស្លាប់ ឬរបួសពិការ ព្រមទាំងរំដោះដី ឲ្យប្រជាពលរដ្ឋ​រាប់លាននាក់ អាចធ្វើអាជីវកម្ម ដាំដុះផលដំណាំ ចិញ្ចឹមជីវភាព។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណ ចំពោះការចូលរួម ជាវិភាគទាន និងការគាំទ្រគ្រប់រូបភាពទាំងអស់ ពីវិស័យឯកជន, ដៃគូអភិវឌ្ឍន៍, បណ្ដាប្រទេសជាមិត្ដ និងអង្គការជាតិ-អន្ដរជាតិ ដែលបាននាំឲ្យកម្ពុជា អនុវត្ដសកម្មភាពដោះមីនរបស់ខ្លួន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិភាគទាន និងការគាំទ្រទាំងនេះ គឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លា និងដ៏គួរឲ្យកើតសរសើរ ទាំងសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល ហើយសម្ដេចសង្ឃឹមថា បេសកម្មរំដោះមីនរបស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្ដបន្ទាប់៕

p style="text-align: center;">