(កំពង់ស្ពឺ)៖ ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីផលប្រយោជន៍ នៃការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ប្រជាពលរដ្ឋ ដោយជាបន្ថែមជម្រើសថ្មី ក្នុងការដោះស្រាយវិវាទផ្សេងៗ លើយន្តការដែលកំពុងមានស្រាប់។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចូលរួមជួយកាត់បន្ថយ នូវការកកស្ទះសំណុំរឿង ក្នុងប្រព័ន្ធតុលាការ ហើយការសម្រេចស្ថាពរក្នុងយន្តការដោះស្រាយវិវាទនេះ មានទម្ងន់ដូចគ្នាទៅនឹងសាលក្រមស្ថាពររបស់តុលាការដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការដោះស្រាយរបស់អាជ្ញាធរដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្ម ក៏ដូចជាវិវាទដទៃទៀត ហើយមិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវាថ្មីនេះនោះទេ ប្រជាពលរដ្ឋមានសិទ្ធិគ្រប់យ៉ាងក្នុងការជ្រើសយន្តការផ្សេង ដើម្បីដោះស្រាយវិវាទ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ផលប្រយោជន៍ដល់ប្រជាជន ក្នុងការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីបង្ខិតការដោះស្រាយវិវាទ ដែលមានភាពងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ ឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជួយកាត់បន្ថយចំនាយពេលវេលា ក្នុងការដោះស្រាយ ដោយមិនទុកឱ្យទំនាស់រុំារ៉ៃ, ផ្តល់ឱ្យប្រជាពលរដ្ឋ នូវយន្តការសម្រុះសម្រួល ដោះស្រាយវិវាទមួយ ដែលអាចធានាបាននូវបរិយាកាស សន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គម ដោយដោះស្រាយ យកយន្តការឈ្នះឈ្នះ។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចបានថ្លែងថា «ផលប្រយោជន៍នៃការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដោះស្រាយវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្របសម្រួល ផ្សះផ្សា ដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្របសម្រួល ផ្សះផ្សា។ ខ្ញុំសុំបញ្ជាក់ថា ការបង្កើតយន្តការនេះ មិនមែនយន្តការបង្ខំបងប្អូនឱ្យទៅទេ ពេលមានវិវាទបងប្អូនអាចមានជម្រើសដែលមានស្រាប់ ទៅតុលាការ រកចាស់ទុំ ឬនរណាឱ្យជួយដោះស្រាយ ឬមួយពឹងផ្អែកទៅលើអាជ្ញាធរថ្មីនេះ អត់បង្ខំទេ ជាជម្រើសរបស់បងប្អូន»

សម្តេចធិបតីបន្ថែមថា «អ្វីដែលលក្ខណៈពិសេសយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជួយរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ ព្រោះទំនាស់ដែលដោះស្រាយរួចហើយ ក្នុងក្របខណ្ឌអាជ្ញាធរថ្មីនេះ ត្រូវចាត់ទុកថាដោះស្រាយរួចរាល់ជាស្ថាពរ ដោយមិនបាច់ប្តឹងទៅតុលាការ ដោយកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ របស់អាជ្ញាធរនេះ មានអនុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់ ពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដើម្បីឱ្យពួកគាត់ទទួលបានប្រយោជន៍ ពីយន្តការថ្មី របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមានសមាជិក៧រូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបង្កើតអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាការងារបន្ទាន់ និងត្រូវជំរុញឱ្យលេចរូបរាងឱ្យបានឆាប់៕