(ភ្នំពេញ)៖ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ហៅកាត់ថា PPDE បានទទួលអាជ្ញាប័ណ្ណ ឧបករណ៍និស្សន្ទជា «សមភាគីកណ្តាល» ពីគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក) និងជាទីផ្សារទីពីរបន្ទាប់ពី ផ្សារមូលបត្រកម្ពុជា បានចាប់ផ្តើមដំណើរការ ជាផ្លូវការហើយនៅកម្ពុជា។
PPDE នឹងផ្តល់ជូននូវសេវាកម្មជួញដូរ ឧបករណ៍និស្សន្ទអេឡិចត្រូនិចនៅកម្ពុជា និងប្រទេសដទៃទៀតជាច្រើន ដើម្បីធ្វើឲ្យការជួញដូរ ឧបករណ៍និស្សន្ទនៅកម្ពុជា ក្លាយជាវិស័យថ្មីមួយ និងឈានទៅដល់ស្តង់ដារអន្តរជាតិ ដែលនឹងមិនត្រឹមតែ ជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ថែមទាំងបញ្ចូលទៅជាការជួញដូរហិរញ្ញវត្ថុជាសកល។
ក្នុងឱកាសបើសម្ពោធនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ មានការចូលរួមជាគណៈអធិបតីពីអ្នកតំណាងនៃ PPDE រួមមានលោក Chang Ching Shun ប្រធានក្រុមប្រឹក្សាភិបាល, លោក Yang Chen នាយកប្រតិបត្តិ និងចូលរួមជាភ្ញៀវកិត្តិយសរួមមាន លោក សុខ ដារ៉ា អគ្គនាយកស្តីទី នៃគណៈកម្មការមូលប័ត្រកម្ពុជា លោក Michael Hsil តំណាងជាន់ខ្ពស់ នៃក្រុមហ៊ុន DEUTSCHE BORSE GROUP និងលោក Alan Wung អភិបាលនៃក្រុមហ៊ុន Pacific Fresh Investment Limited។
បច្ចុប្បន្នកម្ពុជា នៅមិនទាន់មានការកំរិតការផ្ទេរ រូបិយប័ណ្ណអន្តរជាតិ និងមានការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ជាឧបករណ៍ក្នុងការចំណាយសំខាន់ៗ ដូចនេះការអភិវឌ្ឍន៍ នៃវិស័យហិរញ្ញវត្ថុ គឺល្អប្រសើរជាងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត។ ឆ្លងតាមការត្រួតពិនិត្យនិងពិចារណាយ៉ាងម៉ត់ចត់ PPDE ត្រូវបានបង្កើតឡើងនៅទីនេះ ដើម្បីនាំមកនូវប្រតិបត្តិការណ៍ជួញដូរឧបករណ៍និស្សន្ទស្តង់ដារអន្តរជាតិដល់កម្ពុជា។
ភ្នំពេញដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី នឹងក្លាយជាក្រុមហ៊ុនជួញដូរឧបករណ៍និស្សន្ទដំបូង ដែលបានទទួលអាជ្ញាប័ណ្ណ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានផលិតផល ហិរញ្ញវត្ថុជាច្រើន រួមមានមាស ប្រាក់ រូបិយប័ណ្ណអន្តរជាតិ និង ផលិតផលហិរញ្ញវត្ថុដទៃទៀតជាច្រើន។
PPDE អាចផ្តល់ជូនអតិថិជន នូវសេវាកម្មជួញដូរឧបករណ៍ និស្សន្ទអេឡិចត្រូនិច ដែលមានស្ថេរភាព សុវត្ថិភាព ទំនុកចិត្ត និងទំនើប។ ការិយាល័យស្ថិត នៅទីប្រជុំជនសេដ្ឋកិច្ចរីកចម្រើន និងបំពាក់ដោយឧបករណ៍ បច្ចេកវិទ្យាទំនើប អាចផ្តល់ជូននូវសេវាកម្មជួញដូរហិរញ្ញវត្ថុ អេឡិចត្រូនិចដែលមានលក្ខណៈជាអាជីព។
លោក Yang Chen នាយកប្រតិបត្តិនៃ PPDE បានលើកឡើងថា កម្ពុជាជាចំនុចចាប់ផ្តើមដើម្បីឈានចូលទៅ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងទស្សនវិស័យអភិវឌ្ឍន៍មានសុទិដ្ឋិនិយម ហើយលោកជឿជាក់ថា នេះនឹងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុកម្ពុជា បំពេញតាមតំរូវការប្រតិបត្តិការស្តង់ដារអន្តរជាតិ ។
ព្រមជាមួយគ្នានោះ ថ្នាក់គ្រប់គ្រង PPDE ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈអភិបាលនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ដែលបានផ្តល់អាជ្ញាប័ណ្ណ ហើយនេះគឺជាការចាប់ផ្តើមដែលនឹងសាងនូវគ្រឹះយ៉ាងរឹងមាំ សំរាប់អនាគតនៃទីផ្សារហិរញ្ញវត្ថុ សម្រាប់កម្ពុជានិងសំរេចនូវក្តីប្រាថ្នារួមគ្នា ៕