(សិង្ហបុរី)៖ ក្រុមហ៊ុន តូតាល់ អេនើជី (TotalEnergies) និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសិក្សាលើគម្រោងថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា និងឱកាសផ្សេងៗទាក់ទងនឹងការកាត់បន្ថយកាបូនឌីអុកស៊ីត ដែលសបស្របទៅនឹងការអភិវឌ្ឍន៍ និងការវិនិយោគរួមគ្នា។

TotalEnergies (តូតាល់អេនើជី) គឺជាក្រុមហ៊ុនថាមពលចម្រុះពិភពលោក ដែលបច្ចុប្បន្នកំពុងបង្កើតផលប័ត្រ តម្លៃប្រកួតប្រជែងលំដាប់ពិភពលោក នៃថាមពលកកើតឡើងវិញ ដើម្បីផ្ដល់ថាមពល ប្រកបដោយនិរន្តរភាព ភាពជឿជាក់ និងតម្លៃសមរម្យដល់អតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោក។

រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការបង្កើត និងអនុវត្តគម្រោងថាមពល ក្នុងស្រុក ដោយផ្អែកលើមូលដ្ឋានវិនិយោគរួមគ្ន។

ការអភិវឌ្ឍក្នុងពិធីចុះហត្ថលេខា នៅប្រទេសសិង្ហបុរី ភាគីហត្ថលេខីទាំងពីរគឺ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group និងលោក Ting Wee Liang ប្រធានក្រុមហ៊ុនប្រចាំប្រទេសសិង្ហបុរី និងជាប្រធានផ្នែកទីផ្សារ និងសេវាកម្មអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ាក្រុមហ៊ុន TotalEnergies ។

អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងថា «ការបញ្ចូលគ្នារវាងធនធាន និងជំនាញរវាងក្រុមហ៊ុនទាំងពីរ នឹងធានាបាននូវការស្រាវជ្រាវ និងការអភិវឌ្ឍន៍ល្អបំផុត នៃគម្រោងកកើតឡើងវិញដ៏ល្អប្រសើរបំផុត នៅក្នុងប្រទេសកម្ពុជា»

លោក Ting Wee LIANG ជាប្រធានក្រុមហ៊ុនប្រចាំប្រទេសសិង្ហបុរី និងជាប្រធានផ្នែកក្រុមហ៊ុន តូតាល់អេនើជី អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនថាមពលចម្រុះថ្នាក់ពិភពលោក យើងប្ដេជ្ញាក្នុងការអភិវឌ្ឍគម្រោងកកើតឡើងវិញថ្មី ឱ្យទទួលបានជោគជ័យ នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជួយគាំទ្រទៅលើដល់ស្ថានីយថាមពលក្នុងប្រទេស»

លោកបន្តថា «យើងបានបម្រើប្រជាជនកម្ពុជា តាំងពីឆ្នាំ ១៩៩៣ តាមរយៈបណ្ដាញស្ថានីយសេវាប្រេងរំអិល និងឥន្ធនៈអាកាសចរណ៍។ ចាប់តាំងពីឆ្នាំ ២០២១ យើងបានដំណើរការ គម្រោងថាមពលពន្លឺព្រះអាទិត្យ ៧៤MWp យើងទន្ទឹងរង់ចាំដំណើរការបន្ថែមទៀត ទាក់ទងនឹងអាកាសធាតុ និងសហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា»