(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផល រយ:ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តជាង ៥០ម៉ឺននាក់។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ការប្រារព្ធពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផល ក្នុងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍ចូលរួមទស្សនា ចំនួន ១៥៧.៤៦៥នាក់ ក្នុងនោះបរទេស: ៧១នាក់។

ចំណែកការប្រារព្ធពិធីនៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣៥១,៦០៨ នាក់ ក្នុងនោះភ្ញៀវបរទេស៣១៨នាក់។ ដូច្នេះសរុបភ្ញៀវទេសចរណ៍ទាំង២ថ្ងៃ មានចំនួន ៥០៩,០៧៣នាក់ បរទេស ចំនួន ៣៨៩នាក់៕