(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទការប្រណាំងទូក «ង» បណ្តែតប្រទីប តាំងពិព័រណ៌ និង អុជកាំជ្រួច ក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ចំនួនទូកដែលបានចូលរួមប្រកួតរយៈពេល ២ថ្ងៃ មានសរុប ៤៨ទូក ក្នុងនោះទូក «ង» មានចំនួន ២០ទូក និងទូកខ្នាតអន្តរជាតិមាន២៨ទូក។

លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា ទូកដែលទទួលជ័យលាភី គឺផែនលេខ១ មាន៥ទូក ទទួលបានពានរង្វាន់១ ទង់ជ័យលាភី១ និង ថវិកា ២លានរៀលក្នុង១ទូក។ ចំពោះផែនចំណាត់ថ្នាក់លេខ២ ទទួលបាន ទង់ជ័យលាភី១ និងប្រាក់ ១លាន ៥សែនរៀល ក្នុង១ទូក ។ រីឯផែនទូកចំណាត់ថ្នាក់លេខ ៣ ទទួលបានទង់ជ័យលាភី១ និងថវិកា ១លានរៀល ក្នុង ១ទូក ។

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានយកឱកាសនេះវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» បណ្តែតប្រទីប តាំងពិព័រណ៌ និងអុជកាំជ្រួច ដើម្បីបង្កនូវក្តីសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយ ក្រោមម្លប់នៃសន្តិភាព។ ម្យ៉ាងទៀតការផ្ដួចផ្ដើម រៀបចំឱ្យមានពិធីនេះឡើង គឺពិតជាបានចូលរួមថែរក្សា នូវវប្បធម៌ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូករបស់យើងផងដែរ៕