Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចាត់ឲ្យអភិបាលខេត្តតាកែវ ចេញលិខិតផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ៣១គ្រួសារ រស់នៅខាងលើជាមួយមន្ទីរពាណិជ្ជកម្មខេត្ត

16-08-2016 15:29

(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហានេះ បានជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ៣១គ្រួសារ ដែលពួកគាត់អះអាងថា បានមករស់នៅទីតាំងខាងលើ ជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ចាប់តាំងពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន ហើយមិនទាន់ទទួលបានកម្មសិទ្ធិនោះឡើយ។

ក្រោយទទួលបានលិខិត សូមជួយអន្តរាគមន៍ ដែល Comment ក្នុង Facebook សម្តេចតេជោ បានឆ្លើយតបភ្លាមៗថា ចំពោះសំណើររបស់បងប្អូនទាំង៣១គ្រួសារ សម្តេចបានពិភាក្សា និងដោះស្រាយរួចហើយ ដោយនៅល្ងាចថ្ងៃទី១៦ ខែសីហានេះ អភិបាលខេត្តនឹងរៀបចំលិខិត និងប័ណ្ណកម្មសិទ្ធិជូនបងប្អូន។

សម្តេចតេជោ បានសរសេរឆ្លើយតប Comment សំណើរបស់ប្រជាពលរដ្ឋ៣១គ្រួសារនោះថា «ខ្ញុំបានទទួលសំណើនេះហើយ នឹងបានពិភាក្សាដោះស្រាយរួចហើយ។ នៅល្ងាចនេះអភិបាលខេត្ត នឹងរៀបចំលិខិត និងប័ណ្ណកម្មសិទ្ធិជូនបងប្អូន។ សូមជូនពរបងប្អូនជួបតែសំណាងល្អ។ សូមក្មួយប្រាប់ដំណឹងនេះទៅគ្រួសារទាំង៣១គ្រួសារផង»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហានេះ បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តតាកែវ ដើម្បីចុះពិនិត្យសមិទ្ធផលជាតិ និងសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ។

ក្នុងដំណើរចុះទៅកាន់ខេត្តតាកែវនេះ សម្តេចតេជោ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្សានុស្ស នៃសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន និងបានឧបត្ថមអគារសិក្សា៦ខ្នង ស្នើ៨៤បន្ទប់ ដល់សាលារៀនចំនួន៣៕