(កំពង់ធំ)៖ រយៈពេល ២ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដែលបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជាបានប្រព្រឹត្តទៅយ៉ាងរលូន ត្រចះត្រចង់ ពោរពេញទៅដោយសម្រែក ហ៊ោរកញ្ជ្រៀវ សប្បាយរីករាយ ញញឹមញញេមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន នៅតាមបណ្តោយដងស្ទឹងសែន រួមជាមួយនឹងក្រុមកីឡាករ កីឡាការនីចំណុះទូកទាំងអស់ និងនៅពេលរាត្រីមានការប្រគុំតន្ត្រី បណ្តែតប្រទីបរបស់រដ្ឋបាលខេត្ត និងប្រទីបរបស់អង្គភាពមន្ទីរ។

លោកបណ្ឌិត ជា ចាន់តូ បានលើកឡើងថា ព្រឹត្តិការណ៍បុណ្យអ៊ុំទូកនៅពេលនេះ ប្រជាពលរដ្ឋដែលបានចូលរួមក៏បានសំដែងការសាទរសប្បាយរីករាយយ៉ាងក្លៀវក្លាផងដែរ ខណៈព្រឹត្តិការណ៍ដ៍ឱឡារឹកនេះ ញ៉ាំងឱ្យកក្រើកនៅក្រុងស្ទឹងសែនតែម្ដង។ ជាលទ្ធផលល្អ នៃតម្លៃសន្តិភាពជាតិដែលរកបាន និងរក្សាដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន  និងសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកបានបន្តថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានភាពល្បីល្បាញខាងវិស័យទូក «ង» ជាងគេតាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ រហូតដល់មានខេត្តមួយចំនួនមកជួលជាងទូក «ង» ពីខេត្តកំពង់ធំ ទៅធ្វើទូកឱ្យគេ ឬក៏មកជាវទូក «ង» ពីខេត្តកំពង់ធំទៅតែម្តង។

ទន្ទឹមនឹងការចូលរួមនេះលោកបណ្ឌិត ជា ចាន់តូ សំណូមដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកលេងកម្សាន្ត ត្រូវចូលរួមថែរក្សាបរិស្ថាន កុំចោលសម្រាមផ្ដេសផ្ដាស ពិសេសសូមរក្សាភាពថ្លៃថ្នូរ ទាំងការបើកបរ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។

ក្រៅពីធីប្រណាំងទូក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់លើផ្នែកសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិរពណ៌ ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែងដោយតារាល្បីៗជាច្រើន ដែលដឹកនាំដោយសមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។

គួរជម្រាបថា ក្នុងឆ្នាំនេះទូកដែលមកចូលរួមប្រកួតប្រជែងមានចំនួន ៥៦ទូក ក្នុងនោះមានទូកផ្កាចាចំនួន២០ទូក ទូកនារី ២ទូក ទូកខ្នាតអន្តរជាតិ៣០ទូក និងទូកងខ្នាតវែងចំនួន ៦ទូក។ កីឡាករ កីឡាការិនី សរុប១៦៦៤នាក់។ កម្មវិធីរៀបចំការប្រណាំងទូករយៈពេល ២ថ្ងៃត្រូវបានបញ្ចប់ដោយទទួលលទ្ធផលដូចខាងក្រោម៖

*ប្រភេទទូកផ្កាចារមាន ៤ទូក

ទី១៖ សាមគ្គីអូរកន្ធរសែនជ័យ
ទី២៖ បទុមមណសាមគ្គីសែនជ័យបារមីវត្តចតុលោក
ទី៣៖ បារាយណ៍សែនជ័យបារមីវត្តបារាយណ៍
ទី៤៖ ចាន់ថាមហាសាមគ្គីសែនជ័យបារមីភូមិបាណក

*ប្រភេទទូកខ្នាតអន្តរជាតិមាន៨ទូក
ទី១៖ អាមាន់ហើរ សែនជ័យបារមីករណីដើម
ទី២៖ តេជោមាសសែនជ័យបារមីដាវដែក
ទី៣៖ បឹងខ្ញែកភក្ដីបារមីតាឯក
ទី៤៖ ឬទ្ធីសែនជ័យបារមី សីម៉ៅ
ទី៥៖ ផ្គរលាន់សែនជ័យបារមីស្រីស្អាត
ទី៦៖ ជលសាសែនជ័យបារមីកោះអណ្តែត
ទី៧៖ ត្របែកសែនជ័យបារមីបឹងប្រមា
ទី៨៖ មហាសាមគ្គី ព្រហ្មតជះភក្តីគង់ម៉ៅ

*ប្រភេទទូក ង ខ្នាតវែងមាន ២ទូក
ទី១៖ ស្រីស្រស់ស្ទឹងសែន
ទី២៖ ពោធិ៍អណ្តែតសែនជ័យ

តាមការបញ្ជាក់របស់លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃគិតត្រឹមម៉ោង ១៨:០០ ថ្ងៃទី២៩ ខែតុលាឆ្នាំ ២០២៣នេះ ប្រជាពលរដ្ឋមកលេងកម្សាន្តនៅពិធីបុណ្យអុំទូកមានប៉ុន្មានជិត ២០ម៉ឺននាក់ផងដែរ៕