(វូហាន)៖ Fresh News និងថ្នាក់ដឹកនាំផ្សព្វផ្សាយពិភពលោក បានទស្សនាទន្លេ Yangtze ដែលមានទីតាំងស្ថិតនៅក្នុងក្រុងវូហាន ប្រទេសចិន។ វាជាទន្លេដែលមានប្រវែងវែងជាងគេបំផុតប្រចាំទ្វីបអាស៊ី ខណៈបើគិតនៅទូទាំងពិភពលោកវាជាប់លេខ៣។

ទន្លេនេះមានប្រភពហូរចេញមកពីទឹកកកនៅភ្នំតាំងហ្គូឡា (Tanggula) ក្នុងតំបន់ទីបេ ហើយធ្វើដំណើរប្រហែល៦,៣០០គីឡូម៉ែត្រ រហូតហូរ ចេញទៅក្នុងសមុទ្រខាងកើត ក្បែរទីក្រុងសៀងហៃ។ ទន្លេយ៉ាងសេហូរឆ្លងកាត់ព្រំប្រទល់ខេត្តរបស់ចិនសរុបចំនួន១០។ ឈ្មោះ Yangtze នេះ ជាទូទៅត្រូវបានហៅដោយប្រទេសដទៃប៉ុណ្ណោះ ខណៈនៅក្នុងប្រទេសចិនផ្ទាល់ គេនិយមហៅថា «ទន្លេឆាងជាំង» ដែលមានអត្ថន័យថា ដងទន្លេដ៏វែង។

ទឹកទន្លេនេះហូរកាត់តំបន់ដែលមានសណ្ឋានដីខុសៗគ្នា រួមមានទាំងតំបន់ខ្ពង់រាប ព្រមទាំងតំបន់វាលទំនាប ក៏ប៉ុន្តែភាគច្រើន គឺប្រមាណបីភាគបួននៃការធ្វើដំណើររបស់វា ទន្លេយ៉ាងសេហូរឆ្លងកាត់តាមតំបន់ភ្នំ ដែលកន្លែងកន្លះមានទេសភាពជ្រលងភ្នំជ្រៅៗយ៉ាង ស្រស់ស្អាត នៅអមដងទន្លេ។ ទន្លេយ៉ាងសេមានដៃទន្លេសរុបប្រហែល៧០០ ក្នុងនោះមានដៃទន្លេធំៗចំនួន៨។

គួរជម្រាបថា ទន្លេនេះដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងការធ្វើដំណើរនៅក្នុងប្រទេសចិន។ វាជាផ្លូវទឹកស្នូលរបស់ចិន ហើយជិតមួយភាគបីនៃប្រជាជនចិនសរុបរស់នៅក្នុងតំបន់អាងទន្លេនេះ ដែលជាទីតាំងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង១៨០លាន ហិកតា។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕