(ព្រៃវែង)៖ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកស្រី នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់ផ្ទះថ្ម ១ខ្នងជូនដូនចាស់ជរាដែលមានជីវភាពខ្សត់ខ្សោយ គ្មានទីពឹងឈ្មោះ អុត អេន អាយុ៨៣ឆ្នាំ រស់នៅភូមិកោះខ្ជាយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកយាយ អុត អេន មានក្តីរំភើបឥតឧបមានៅពេលទទួលបានផ្ទះមួយខ្នងដ៏ស្រស់ស្អាតនេះ លោកយាយបញ្ជាក់ទាំងក្តីរំភើបថា នេះពិតជាសំណាងរបស់លោកយាយណាស់ដែលនៅក្នុងជីវិតរបស់លោកយាយមិនមានក្តីប្រាថ្នានឹងមានផ្ទះល្អស្អាតបែបនេះរស់នៅឡើយ។

លោកយាយបានថ្លែងអំណរគុណជ្រាលជ្រៅបំផុតជូនលោក វង សូត និងលោកស្រី ដែលមានសន្ធាជ្រះថ្លាយ៉ាងធំធេង ផ្តល់អំណោយដ៏វិសេសវិសាលជូនលោកយាយនាឱកាសនេះ។

ផ្ទះថ្ម ១ខ្នងដែលជាអំណោយរបស់​លោក វង សូត និងលោកស្រី បានប្រគល់ជូន​លោកយាយ អុត អេន នាឱកាសនេះគឺបានសាងសង់អស់ថវិកា២០លានរៀល មានទទឹង៤ម៉ែត្រកន្លះ និងបណ្តោយ៨ម៉ែត្រកន្លះ ដោយមានបំពាក់អំពូលភ្លើងសូឡាផងដែរ។

ក្រោយពីប្រគល់ផ្ទះជូន​ លោកយាយ អុត អេន រួចមកលោក វង សូត បានជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិជូនដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ, លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំប្រទេសជាតិឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត។

លោក វង សូត និងលោកស្រី បានជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលមកចូលរួមក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ ថវិកា៣ម៉ឺនរៀល។

លោក វង សូត និងលោកស្រី​ ព្រមទាំង​លោក លោកស្រីជាទីប្រឹក្សា បានបន្តចុះពិនិត្យមើលសាលារៀនជាច ដោយសាលារៀនជាច ជាកន្លែងដែលលោកធ្លាប់សិក្សាកាលពីកុមារភាព និងក្នុងពេលបច្ចុប្បន្ននេះ លោកបានផ្តួចផ្តើមកសាងអគារសិក្សាថ្មី​៕