(បាត់ដំបង)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តបាត់ដំបង អង្គការសកម្មភាពដើម្បីកុមារ (APLE) អង្គការ Friends International តាមរយៈកម្មវិធីភាពជាដៃគូដើម្បីកិច្ចការពារកុមារ (3PC) និងសមាគមកុមាររីករាយខេត្តបាត់ដំបង (KMR) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការឈ្វេងយល់ និងការឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ សម្រាប់អ្នកចូលរួមជាមន្ត្រីចំនួន ៤០នាក់ (ស្រី៣៣) មកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារី មន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ មន្ទីរព័ត៌មាន សង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋានមកពីក្រុងស្រុកទាំង៨ និងអង្គការដៃគូក្នុងខេត្តបាត់ដំបង។

លោកស្រី ភោគ សុភ័ក្រ្ត ប្រធានមន្ទីរកិច្ចការនារី និងជាតំណាងលោកស្រីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តបាត់ដំបង បានថ្លែងថា ការចូលរួមពីសិក្ខាកាមទាំងអស់នាថ្ងៃនេះពិតជាមានសារៈសំខាន់បំផុតពីព្រោះថាការងារកិច្ចការពារកុមារគឺជាការងារដែលមានលក្ខណៈអន្តរវិស័យដែលគ្រប់ស្ថាប័ន អង្គភាពត្រូវមានវិធានការការពារទប់ស្កាត់ និងដោះស្រាយលើបញ្ហាកុមារផ្តល់សេវាចាំបាច់នានា ដើម្បីឱ្យកុមារអភិវឌ្ឍពេញលេញ និងដើម្បីទទួលបាននូវទំពាំងដ៏ល្អសម្រាប់ស្នងឫស្សី។

លោកស្រីក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់មេត្តាចូលរួមយ៉ាងសកម្មក្នុងការទទួលយកចំណេះដឹង បញ្ចេញជាយោបល់ ឬសំណូមពរនានា ដើម្បីឱ្យការបណ្តុះបណ្តាលរបស់យើងនាថ្ងៃនេះទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ ជាពិសេសបន្តចែករំលែកចំណេះដឹងនេះដល់អ្នកពាក់ព័ន្ធនានាផងដែរ។  

វគ្គបណ្តុះបណ្តាលនេះទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការដែនដីមនុស្សនៃប្រទេសហូឡង់ដ៏ (Terre des Hommes Netherlands) និងអង្គការ Ecpat នៃប្រទេសស៊ុយអែត និងមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ធ្វើការឆ្លុះបញ្ចាំងឈ្វេងយល់លើការប្រើប្រាស់អ៉ីនធឺរណិត និងការទំនាក់ទំនងតាមបច្ចេកវិទ្យារបស់កុមារ និងយុវជននៅក្នុងប្រទេសកម្ពុជា និងឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់អ៉ីនធឺរណិត និងទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ។

សូមបញ្ជាក់ផងដែរថា អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញបានក្លាយជាបញ្ហាសកល និងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏បានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនេះ។ តំណភ្ជាប់អ៉ីនធឺរណិតនៅកម្ពុជា បានកើនឡើងជាលំដាប់ហើយមនុស្សកាន់តែច្រើនឡើងៗរួមទាំងកុមារមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ការសិក្សាថ្មីលើការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា (Disruptiong Harm Study in Cambodia) បានបង្ហាញថា កុមារ ជាង៨០% ដែលមានអាយុចន្លោះពី១២ឆ្នាំ ទៅ១៧ឆ្នាំ បានប្រើប្រាស់និងភ្ជាប់អ៉ីនធឺរណិតច្រើនជាងមនុស្សពេញវ័យ។ ខណៈពេលដែលកុមារ និងក្មេងវ័យជំទង់បានចំណាយពេលវេលាច្រើនលើការប្រើប្រាស់ប្រព័ន្ធអ៉ីនធឺរណិត ពួកគេភាគច្រើនមិនបានដឹងពីហានិភ័យ និងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនោះទេ។

ដើម្បីរួមចំណែកក្នុងការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១៨២ ១៨៣ និង ១៨៤ ជាពិសេសថ្នាក់រាជធានីក្រុងស្រុកស្តីពីតួនាទីនិងភារកិច្ចលើការអន្តរាគមន៍កិច្ចការពារកុមារ រងគ្រោះ និងងាយរងគ្រោះដោយអំពើហិង្សា កម្មវិធីភាពជាដៃគូដើម្បីកិច្ចការពារកុមារ (3PC) ដែលជាកម្មវិធីមួយមានតួអង្គសំខាន់៣គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានតួនាទីជាអ្នកសម្របសម្រួលនិងតម្រង់ទិស អង្គការ Friends International ជាអ្នកដឹកនាំការអនុវត្តន៍ផ្ទាល់ក្នុងការសម្របសម្រួលជាមួយអង្គការដៃគូ និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានសហការជាមួយថ្នាក់ក្រុងស្រុក ក្នុងការអនុវត្តន៍ការគ្រប់គ្រងករណីអំពើហិង្សាលើកុមាររួមគ្នា ជាពិសេសជនរងគ្រោះដោយអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងទម្រង់ផ្សេងទៀតនៃការរំលោភបំពាន។

សមាជិកអង្គការកម្មវិធីភាពជាដៃគូដើម្បីកិច្ចការពារកុមារ (3PC) ដែលជាក្រុមការងារអ្នកឯកទេសប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ (3PC-SEA-SG) ដែលមានសមាជិកចំនួន១៤អង្គការ រួមមាន៖ អង្គការគ្រួសារថ្មី អង្គការកល្យាណមិត្តសៀមរាប អង្គការសេរីភាពកម្ពុជាអូស្រ្តាលី អង្គការម្លប់តាប៉ាង អង្គការអនាគតកុមារអន្តរជាតិ អង្គការមិត្តសំឡាញ់ អង្គការកុមាររីករាយ អង្គការទីកន្លែងអាស៊ីហ្សា អង្គការសកម្មភាពដើម្បីកុមារ អង្គការហ្វី្រធូហ្សាញ អង្គការអេ21 អង្គការដែនដីមនុស្សហូឡង់ដ៍ប្រចាំកម្ពុជា អង្គការហ្វ្រេន្សអ៉ិនធឺរណាសិនណល អង្គការជំហានដំបូង ដែលមានអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអ្នកគាំទ្រផ្នែកបច្ចេកទេស។

ក្រុមការងារអ្នកឯកទេសបាននឹងកំពុងសហការអន្តរាគមឆ្លើយតបករណីរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលក្នុងនោះ 3PC-SEA-SG បានរួមចំណែកសំដៅធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារទាំងនៅកម្ពុជា ក៏ដូចជាក្នុងសង្គមជាតិផងដែរ៕