(ភ្នំពេញ)៖ លោក ទី ចាន់ណា តំណាងក្រុមគ្រួសារសព បានផ្ញើលិខិតថ្លែងអំណរគុណជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំពោះសមានចិត្តចូលរួមរំលែកទុក្ខមរណភាពរបស់ឧបាសិកា គង់ សុខុម។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ រួមមាន៖

«ខ្ញុំបាទ ទី ចាន់ណា និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្ដាល និងលោកជំទាវបណ្ឌិត ដែលបានសម្ដែងនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទចំពោះមរណភាពរបស់ឧបាសិកា គង់ សុខុម ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក និងជីដូន របស់ក្រុមគ្រួសារយើងខ្ញុំកាលពីថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទីល្ងាច ក្នុងជន្មាយុ ១០៤ឆ្នាំ ដោយជរាពាធ។

ខ្ញុំបាទ និងក្រុមគ្រួសារសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដែលជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះខ្ញុំបាទ និងក្រុមគ្រួសារដែលធ្វើឱ្យយើងខ្ញុំមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី បានឡើយ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ និងក្រុមគ្រួសារសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំង ពលៈ មាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ជាភិយ្យោភាព ក្រោមម្លប់នៃសុខសន្ដិភាព។ សូមសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ និងក្រុមគ្រួសារ»៕