(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ជាមេបញ្ជាការឯកភាពសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ បានបដិសេធចំពោះសំណូមពររបស់មេបញ្ជាាករកងកម្លាំងសុរៈនារីថៃ ដែលស្នើសុំឱ្យកងកម្លាំងរបស់ខ្លួន ដើរល្បាតលើផ្លូវរួមជាមួយកម្ពុជា។

ការបដិសេធបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពសមូរភូមិខមុខទីសទី១ ប្រាសាទព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរស្រុកជាំក្សាន្ត ជួបសំណេះសំណាលជាមួយកងកម្លាំងស៊ុរៈណារីថៃ និងអាជ្ញាធរខេត្តអ៊ូប៊ុនរាជធានី អាជ្ញាធរស្រុកណាំយុឺន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណាត់ ស៊ីអុីន មេបញ្ជាការកងកម្លាំងស៊ុរៈណារីថៃ នៅច្រកព្រំដែនអានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា៖ «កងទ័ពកម្ពុជាឯកភាពចំពោះកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងល្អ រួមគ្នាទប់ស្កាត់បង្ក្រាបរាល់សកម្មភាពល្មើសគ្រប់ប្រភេទនៅតាមព្រំដែន សំដៅប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព និងសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ មានឱកាសដោះដូរទំនិញគ្នា ស្របតាមអ្វីដែលរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរចង់បាន»

ឆ្លើយតបចំពោះសំណូមពររបស់លោកឧត្តមសេនីយ៍ត្រី ណាត់ សុីអុីន មេបញ្ជាការកងកម្លាំងសុរៈនារីថៃ ដែលស្នើសុំដើរល្បាតលើផ្លូវរួមជាមួយកម្ពុជានោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងដោយមិនឯកភាពនោះទេ ព្រោះកន្លងមកថ្នាក់លើ ក៏ដូចជាថ្នាក់កងពលយើងទាំងពីរ បានយល់ព្រម នឹងធ្វើការឯកភាពគ្នា តាមគោលការណ៍ដោយរក្សាគោលដៅឈរជើងចាស់ ហើយមិនឱ្យមានសកម្មភាពកើតឡើងថ្មី «ពោលគឺកងទ័ពកម្ពុជា និងកងទ័ពថៃ ឈរជើងនៅចំណុចណាដើរល្បាតផ្លូវណា ត្រូវអនុវត្តតាមអ្វីដែលយើងធ្លាប់បានព្រមព្រៀងហើយនិងឯកភាពគ្នាកន្លងមក»

ជាមួយគ្នានេះដែរ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ របស់កម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ដែលកន្លងមកកងទ័ពទាំងពីរ កម្ពុជា-ថៃ ដែលកំពុងមានវត្តមានឈរជើងតាមបណ្តោយព្រំដែនក្នុងទិសទី១ ប្រាសាទព្រះវិហារ មានសភាពស្ងាត់ស្ងៀមល្អ បើទោះបីជាមានរឿងរាវខ្លះៗ យើងតែងតែយកគោលការណ៍ដោះស្រាយគ្នាដោយសន្តិវិធីតាមរយៈការណាត់ជួប ហូបបាយសាមគ្គី ចេញល្បាតជាមួយគ្នាជាប្រចាំតាមចំនុច និងទិសដៅដែលអង្គភាពយើងទាំងពីរទទួលខុសត្រូវ។

ពិសេសរាល់ពេលមានពិធីបុណ្យប្រពៃណីផ្សេងៗ កងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរ តែងតែរៀបចំធ្វើរួមជាមួយគ្នា សំដៅបង្កើនភាពស្និទស្នាល សាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងកងទ័ព ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕