(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថានៅថ្ងៃទី២៩តុលា ឆ្នាំ២០២៣នេះ ជាខួបលើកទី១៩ ចាប់ពីថ្ងៃទី២៩តុលា ឆ្នាំ២០០៤ នៃព្រះរាជពិធីទ្បើងគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃដ៏នក្ខត្ដឫក្សឧត្តុង្គឧត្តមបំផុតដែលខេមរជនទូទាំងព្រះនគរ មានសេចក្ដីអំណរសាទរប្រកបដោយទឹកមុខញញឹមស្រស់ស្រាយ យ៉ាងសប្បាយរីករាយដ៏ស្រស់បំព្រង។

ដោយហេតុថា ខេមរជនក្រោមម្លប់ព្រះបរមរាជសម្បត្ដិរបស់ព្រះមហាក្សត្រ ព្រះនគរស្រុកទេសបានសុខសាន្ដត្រាណយ៉ាងត្រចះត្រចង់។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងបរិយាកាសព្រះបរមរាជសម្បត្ដិដ៏ប្រពៃថ្លៃថ្លានេះ បើយើងងាកក្រោយបន្ដិចរំលឹកទៅដល់ព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដរបស់ស្ថាប័នព្រះមហាក្សត្រជាទីគោរពសក្ការ:ដ៏ឧត្ដុង្គឧត្ដមនេះ យើងឃើញថា ស្ថាប័នព្រះមហាក្សត្រដែលមានប្រវត្ដិតាំងពីរាប់ពាន់ឆ្នាំតរៀងមក ត្រូវបានរលត់ងងឹតសូន្យឈឹងពីភពផែនដីកម្ពុជា តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ដោយក្រុមអ្នកនយោបាយខ្លះដូចជា សម សារី, ដាប ឈួន ជាដើម ពិសេសពីឆ្នាំ១៩៧០ --៧៥ បន្ដមកដល់ឆ្នាំ១៩៧៥-១៩៧៩ តែបន្ទាប់មកដោយមានការផ្សះផ្សាជាតិនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស ឆ្នាំ១៩៩១ រវាងសម្ដេចព្រះនរោត្ដម សីហនុ -សម្ដេចតេជោ ហ៊ុន សែន ទើបបាននាំមកវិញនូវរបបរាជានិយមជាលើកទី២ នៅកម្ពុជា ដែលធ្វើឲ្យព្រះនគរកម្ពុជរដ្ឋមានភាពដ៏ស្រស់បំព្រងជាថ្មីម្តងទៀតរហូតមកដល់បច្ចុប្បន្ន។ នេះគឺជាករណីដ៏កម្របំផុតក្នុងប្រវត្តិសាស្ត្រនៃប្រវត្ដិនយោបាយលើពិភពលោក។

ប៉ុន្ដែបច្ចុប្បន្នទោះបីជាព្រះនគរកម្ពុជរដ្ឋមានភាពដ៏ស្រស់បំព្រងយ៉ាងនេះក្តី បើពិនិត្យមើលក្នុងចំណោមក្រុមនយោបាយខ្លះ យើងឃើញថា នៅមានក្រុមប្រឆាំងខ្លះ បាននឹងកំពុង ប្រើវាហោសាស្រ្ដដោយធ្វើការញុះញង់បំផុសបំផុល ក្នុងបំណងផ្ដួលរលំរបបរាជានិយមឲ្យដួលរលត់ទៅវិញ ជាលើកទី២ផងដែរ ។មិនខុសពីពាក្យស្លោករបស់អ៊ីតាលីបានពោលថា «Mettere il Bastone fra le ruote - វាហាក់ដូចជានៅ​ពេល​ដែលរទេះស្បៀងដែលអូសដោយសេះកំពុងបំបោល​យ៉ាង​លឿន​ មានជនប្រហេីនយកដំបងឈេីស៊កចូលកាំរទេះ​ដេីម្បី​ប៉ុនប៉ងឲ្យក្រឡាប់» នោះទេ។

ហេតុនេះរាល់ទង្វើរបស់ក្រុមប្រឆាំងទាំងនេះ បានធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកបាននាំយករបបរាជានិយមមកវិញជាលើកទី២ បានប្រកាសការពាររបបរាជានិយមយ៉ាងម៉ឺងម៉ាត់បំផុតនិងយ៉ាងច្បាស់ៗថា ត្រកូល «ហ៊ុន» ជាត្រកូលការពារព្រះមហាក្សត្រ ការពាររបបរាជានិយម និងបាននាំមកវិញនូវរបបរាជានិយម បើអ្នកណាចង់ប្រមាថព្រះមហាក្សត្រ ពួកអ្នកឯងត្រូវកន្លងសពត្រកូល «ហ៊ុន» សិនទៅ។

ផ្ដើមចេញពីកាតព្វកិច្ចនិងឆន្ទះដ៏មោះមុតក្នុងការការពាររបបរាជានិយមរបស់ត្រកូល «ហ៊ុន»នេះនៅក្នុងលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានទូលថ្វាយព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានចាត់តាំងជានាយករដ្ឋមន្រ្តីថ្មីសម្រាប់នីតិកាលទី៧នេះ បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលរបស់សម្ដេចធិបតី ការពារជាដាច់ខាតនូវ​រាជបល្ល័ង្ក និងរបបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ នៅកម្ពុជា។

ដូច្នេះកាតព្វកិច្ចនិងឆន្ទះដ៏មោះមុតក្នុងការការពាររបបរាជានិយមរបស់ត្រកូល «ហ៊ុន»នេះ គឺមានទិសដៅតែមួយគត់សំដៅការពារព្រះបរមរាជសម្បត្ដិរបស់ព្រះមហាក្សត្រ ដើម្បីភាពសុខដុមរមនារបស់ខេមរជនក្នុងព្រះនគរកម្ពុជរដ្ឋនិងថែរក្សាអត្ដសញ្ញាណប្រពៃណីជាតិខ្មែរយើងដែលមានតំាងពីបុរាណកាលរៀងមកឲ្យគង់វង្ស៕