(ភ្នំពេញ)៖ លោក ទី ចាន់ណា តំណាងក្រុមគ្រួសារសព បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចំពោះសមានចិត្តចូលរួមរំលែកទុក្ខមរណភាពរបស់ឧបាសិកា គង់ សុខុម។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ រួមមាន៖

«ខ្ញុំបាទ ទី ចាន់ណា និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះឯកឧត្តម ហួត ហាក់ ប្រធានលេខាធិការរដ្ឋាននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយរូបខ្ញុំបាទ និងក្រុមគ្រួសារ ដែលបានបាត់បង់ឧបាសិកា គង់ សុខុម ដែលត្រូវជាម្ដាយបង្កើត ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ របស់ក្រុមគ្រួសារយើងខ្ញុំ កាលពីថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០ នាទីល្ងាច ក្នុងជន្មាយុ ១០៤ឆ្នាំ ដោយជរាពាធ។

ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំបាទ និងក្រុមគ្រួសារដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់ឯកឧត្តមប្រធាន បានឡើយ។

តាងនាមឱ្យក្រុមគ្រួសារ ខ្ញុំបាទសូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃលេខាធិការដ្ឋានយុវជនថ្នាក់កណ្តាលគណ បក្សប្រជាជនកម្ពុជា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលៈមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ សូម ឯកឧត្តម ហួត ហាក់ ប្រធានលេខាធិការរដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅអំពីខ្ញុំបាទ និងក្រុមគ្រួសារ»៕