(ស្វាយរៀង)៖ អនុវត្តតាមការណែនាំរបស់លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្រ្តគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធជូនដល់យុវជនគណបក្សក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ប្រមាណ២០០នាក់។

ក្នុងគោលបំណងផ្សព្វផ្សាយឱ្យចង់ដឹងអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងភាពផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌរួមនៃយុទ្ធសាស្រ្តជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបណ្ឌិត តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានលើកឡើងថាការកម្លាំងយុវជនជាកម្លាំងស្នូលនៅក្នុងការឈានទៅភាពឈ្នះនៃការបោះឆ្នោតកន្លង។ ចំណែកសិក្ខាសាលានេះពិតជាមានសារៈសំខានសម្រាប់យុវជនគណបក្ស ព្រោបង្ហាញអំពីសារៈសំខាន់ បញ្ហាប្រឈម ការត្រួតពិនិត្យតាមដាន ការវាយតម្លៃ និងការកសាងផែនការអនុវត្ត ការចូលរួមពន្លឿននៃសេដ្ឋកិច្ចរបស់ប្រទេស។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវការការពារ ការគាំទ្រ និងការបណ្តុះបណ្តាលបន្ថែម និងឈានទៅដល់ការចុះបញ្ជីទៅក្នុងប្រព័ន្ធដើម្បីទទួលបាននូវការគាំទ្រពីសេវានានាពីរដ្ឋាភិបាល ហើយយុវជនគណបក្សជាស្ពានចម្លងមួយនៅក្នុងការភ្ជាប់គ្នារវាងបងប្អូនជាអ្នកប្រកបរបរនានានៅក្នុងការងារក្រៅប្រព័ន្ធ ជាមួយនៅក្នុងការបណ្តុះបណ្តាលនានា។

លោកបណ្ឌិត ម៉ុង ឡាមី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានធ្វើបទបង្ហាញស្តីពីយុទ្ធសាស្រ្តគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតលើ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦, ក្របខ័ណ្ឌរួមនៃយុទ្ធសាស្រ្តជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ស្ថានភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា, អាទិភាពជាយុទ្ធសាស្រ្ត, និងការកំណត់វិសាលភាព និងការធ្វើអាទិភាវូបនីយកម្ម។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលយុទ្ធសាស្ត្រនេះមានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ លើសពីនេះការដាក់ចេញឯកសារយុទ្ធសាស្រ្តនេះ ស្របតាមចំណុចទី៤ នៃកម្មវិធីគោលនយោបាយធំៗ ជាអាទិភាពទាំង៦ របស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣។

ចំណុចអាទិភាពទំាង៦ នៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលរួមមានទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល, ២៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនដែលមានស្ថានភាពខ្វះខាត, ៣៖ ធ្វើស្ថាបនូបនីយកម្មកម្មវិធីជំនួយសង្គមជូនដល់គ្រួសារក្រីក្រ និងរងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច, ៤៖ ដាក់ចេញយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ៥៖ យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយវិស័យកសិកម្មសម្រាប់ការនាំចេញ និងបំពេញតម្រូវការក្នុងស្រុក, និង៦៖ ដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅជួយកសិករនៅតាមមូលដ្ឋាន។

ដើម្បីអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៤-២០២៨ ឱ្យទទួលបានជោគជ័យរាជរដ្ឋាភិបាលបានកំណត់ក្រសួង ស្ថាប័នពាក់ព័ន្ធដែលត្រូវចូលរួមអនុវត្តដោយមានវិធានការគន្លឹះសរុបចំនួន៤៥ ទៅតាមចំណុចអាទិភាពចំនួន៥ គឺអាទិភាពទី១ ការកំណត់ ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ អាទិភាពទី, ២៖ ការកាត់បន្ថយចំណាយលើការបំពេញអនុលោមភាព, អាទិភាពទី៣៖ ការផ្តល់ការគាំពារនិងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ អាទិភាពទី៤៖ ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ អាទិភាពទី៥ ការពង្រឹង និងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។

លោក ទុំ សារាវុធ អនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្ត បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង និងថ្នាក់ដឹកនាំស្រុក ក្រុង សមាជិក សមាជិកាដែលបានចូលរួមនាថ្ងៃនេះ។ អភិក្រមមួយនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ គឺជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលសំដៅដល់ការធ្វើការងារប្រកបដោយទំនាក់ទំនង ចលនាក្នុងប្រព័ន្ធទាក់ទងគ្នា បំពេញឱ្យគ្នាមិនដាច់ដោយដុំ ហេតុនេះ ទើបថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ខិតខំរិះរកកិច្ចការណាខ្លះដែលពាក់ព័ន្ធដើម្បីចូលរួមទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។ ការងារ និងការទំនាក់ទំនង និងជំរុញការងារឱ្យទទួលបានជោគជ័យដោយកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមាន។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ មួយផ្នែកគឺដើម្បីចូលរួមជំរុញការអនុវត្តការចុះបញ្ជី ដើម្បីឱ្យរដ្ឋមានព័ត៌មាន ទិន្នន័យច្បាស់លាស់ សម្រាប់ធ្វើកិច្ចអន្តរាគមន៍នានា ដូចមានចែងនៅក្នុងគោលបំណងរបស់យុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះក្នុងនាមយុវជនគណបក្សត្រូវស្វែងយល់ និងត្រៀមសហការចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ គោលការណ៍និងសេចក្តីណែនាំនានារបស់គណបក្ស និងបន្តអនុវត្តយន្តការការផ្សព្វផ្សាយដែលជាគន្លឹះនៅក្នុងការអនុវត្តការដឹកនាំសម្របសម្រប ពិនិត្យតាមដាន និងវាយតម្លៃ៕