(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមជាមួយលោក Edouard George ប្រធានក្រុមហ៊ុនទេសចរណ៍បារាំង Phoenix Voyages ចុះពិនិត្យគម្រោងផ្គត់ផ្គង់ទឹកស្អាតមួយកន្លែង ស្ថិតនៅភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោកអភិបាលស្រុកបារាយណ៍ និងប្រជាពលរដ្ឋភូមិស្វាយ និងភូមិជីអោក ប្រមាណ២០០នាកផងដែរ។
លោករដ្ឋមន្រ្តីបានឱ្យដឹងថា គម្រោងទឹកស្អាតនេះ បានដំណើរការសាងសង់ កាលពីដើមឆ្នាំ២០១៤ ហើយបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់នៅខែតុលា ឆ្នាំ២០១៤ ព្រមទាំងបានកែសម្រួលឡើងវិញ នៅពាក់កណ្តាលឆ្នាំ២០១៥ ដោយចំណាយថវិកាអស់ចំនួន១០ម៉ឺនអឺរ៉ូ ដែលគម្រោងផ្គត់ផ្គង់ទឹកស្អាតនេះ បានចែកចាយ និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រមាណ១៨០គ្រួសារ ស្មើនឹងប្រជាពលរដ្ឋសរុបចំនួន៨៦៩នាក់ និងបានចែកចាយទៅដល់សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ជីអោក ផងដែរ។
ប្រជាពលរដ្ឋរស់នៅទីនោះ មានសេចក្តីសប្បាយរីករាយជាខ្លាំង ព្រោះបានទឹកស្អាតប្រើប្រាស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះជាម្ចាស់ជំនួយ លោក Edouard George និងលោករដ្ឋមន្រ្តី ថោង ខុន ដែលតែងយកចិត្តទុកដាក់គិតគូរដល់ការលំបាក និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោក Edouard George ក៏មានគម្រោងជួយទឹកស្អាតនេះមួយគម្រោងទៀត និងជួយដល់ផ្នែកកសិកម្ម និងសាលាបណ្តុះបណ្តាលកុំព្យូទ័រ នៅស្រុកបារាយណ៍ផងដែរ៕