(កណ្ដាល)៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ លោក នូ សាន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញបើកជាផ្លូវការ ការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច នៅក្រុងតាខ្មៅ ក្រោមសម្រែកជយោ «សន្តិភាព» លាន់ទ្រហឹងអឺងកងពាសពេញក្រុងតាខ្មៅ។

លោកអភិបាលខេត្តបានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមកីឡាករទាំងអស់ថាថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធិផលនានា តាមបណ្តាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ ក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ។

លោកអភិបាលខេត្តបានថ្លែងថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានឃើញបងប្អូន ប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានមកចូលរួមដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។ សូមអរគុណសន្តិភាព អរគុណមគ្គុទេសក៍ឯក ស្ថាបនិកសន្តិភាពសម្ដេចតេជោ ហ៊ុន សែន។ គោរពអរគុណសម្ដចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីដ៏មានសមត្ថភាព ព្រហ្មវិហារ ពេញដោយគុណធម៌ ដែលបន្តដឹកនាំប្រទេសជាតិឱ្យរុងរឿង អភិវឌ្ឍន៍ទៅមុខជាលំដាប់ បន្តរក្សាសន្តិភាពយ៉ាងគង់វង្សយូរអង្វែងតទៅមុខជារៀងរហូត។ យើងអាចរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះបាន គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារផងដែរ»

លោក គង់ សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច ដើម្បីបង្ករលក្ខណ:សប្បាយរីករាយជូនប្រជាពលរដ្ឋខេត្តកណ្ដាល រាជធានីភ្នំពេញ និងបណ្តាខេត្តនានាដែលនៅជិតខាងផងដែរ។

សូមជម្រាបថា ប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីនាយប់ថ្ងៃទី២៨ ខែតុលា បានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ​ ជាមួយនឹងការពេញចិត្តពេញថ្លើម អមជាមួយនឹងតន្ត្រីកន្ត្រាក់ អារម្មណ៍រញ្ជួយនៅក្រុងតាខ្មៅ។

ដោយឡែកបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ បានដំណើរទៅយ៉ាងល្អប្រសើរក្រោមកិច្ចសហការរវាងកម្លាំងនគរបាល អាវុធហត្ថ កម្លាំងយោធា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីឱ្យប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រកបដោយសុវត្ថិភាព។ ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះដែរ អភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើឱ្យពិធីប្រណាំងទូករបស់យើង មិនមានបាតុភាពអ្វីមួយកើតឡើងជាយថាហេតុណាឡើយ៕