(កំពង់ចាម)៖ យ៉ាងហោចណាស់មានភ្ញៀវជាតិ និងអន្តរជាតិជាង ១៥ម៉ឺននាក់ មកទស្សនាកម្សាន្តការប្រណាំងទូក «ង» បណ្ដែតប្រទីប តាំងពិព័រណ៌ និងអុជកាំជ្រួច នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះថា៖ «ពិធីប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៌ អុជកាំជ្រួច នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ មានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកទស្សនាកម្សាន្ត ចំនួន ១៥៧,២៧៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ១៩០នាក់។

ជាមួយគ្នានេះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម លោកស្រី សម ផល្លា បានបញ្ជាក់ថា ដោយមានការចង្អុលណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើឱ្យដំណើរការនៃពិធីនេះមានភាពរលូន បង្កភាពសប្បាយរីករាយជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅតំបន់តាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។

លោកស្រីបានបញ្ជាក់ផងដែរថា ជុំវិញបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ គឺមានភាពល្អប្រសើរ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ៕